(ភ្នំពេញ)៖ លោកស្រី ធីតា ឃឹះ ប្រធានអង្គការសីលិកានៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានមើលឃើញថា ប្រទេសដែលគេដឹងថា ជាបិតាប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សសហរដ្ឋអាមេរិក នៅពេលនេះកំពុងធ្លាក់ក្នុងភាពច្របូកច្របល់ ជាមួយបាតុកម្មផ្ទុះហិង្សាមិនទទួលស្គាល់លទ្ធផលឆ្នោត ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៥។
លោកស្រីបានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ថា «អត់សូវជាល្អប៉ុន្មានទេ ព្រោះពីដើមមកនៅពេលដែល លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឡើងកាន់អំណាច មានអ្នកស្រឡាញ់ និងមិនស្រឡាញ់ដែរ ប៉ុន្តែវាមិនចេញដល់ថ្នាក់មានបាតុកម្ម និងកូដកម្មខ្លាំងទេ ប៉ុន្តែពេលនេះយើងឃើញមានបាតុកម្មខ្លាំង ដែលយើងមិនដែលឃើញមានពីដើមមក ខ្ញុំគ្រាន់តែមានអារម្មណ៍ថាអត់ស្រួល»។
លោកស្រី ធីតា ឃឹះ ប្រធានអង្គការសីលិកា បានចាត់ទុកការបង្រ្កាបនៅសហរដ្ឋអាមេរិកថា ជាការគ្រប់គ្រងកុំឱ្យរឿងនេះកាន់តែវែងឆ្ងាយ។ លោកស្រីបញ្ជាក់ថា « ក្នុងការគ្រប់គ្រងកុំឱ្យរឿងហ្នឹង កាន់តែឆ្ងាយតទៅទៀត ហើយអ្នកដែលធ្វើបាតុកម្មទាំងប៉ុន្មាន ក៏គេចង់ការពារគុណតម្លៃសហរដ្ឋអាមេរិកដែរ អញ្ចឹងយើងកំពុងតែមើល ឃើញថា វាកំពង់ច្របូកច្របល់នាពេលបច្ចុប្បន្ន»។
កាលពីថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ បន្ទាប់ពីបោះឆ្នោតរួច សហរដ្ឋអាមេរិកបានប្រកាសថា លោក ដូណាល់ ត្រាំ បេក្ខជនមកពីគណបក្ស សាធារណរដ្ឋ បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក ដែលបានយកឈ្នះលើ លោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែទោះជាយ៉ាងណាបណ្តាញសារព័ត៌មានល្បីៗ បានសរសេរថា ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ដែលចាញ់ឆ្នោតពុំបានសុខចិត្តនោះឡើយ ហើយនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ឈានដល់ផ្ទុះហឹង្សាវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈតាមដងផ្លូវ។
សារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃនេះថា បាតុកម្មដ៏កក្រើកកំពុងផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក ខណៈប្រជាជនរាប់ម៉ឺននាក់ដែលជាអ្នកគាំទ្រ លោកស្រី ហ៊ីលឡារី គ្លីនតុន បានដង្ហែរក្បួនដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការជាប់ឆ្នោតជាប្រធានាធិបតីដោយស្របច្បាប់របស់លោក ដូណាល់ ត្រាំ ក្នុងនោះមាននៅតាមបណ្តារដ្ឋធំៗ ជាច្រើនដូចជា New York, Miami, Florida, Iowa, Texas, Georgia, Connecticut, Orlando, Illinios, Massachusetts, North Carolina, Tennessee, Ohio, Colorado, និង Nebraska។
គណបក្សចាញ់ឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងកំពូលគោរពសិទ្ធិមនុស្សលើលោក កំពុងផ្ទុះបាតុកម្មដ៏កក្រើក ទូទាំងប្រទេស ប្រឆាំងនឹងលទ្ធផលឆ្នោត ខណៈបាតុកររាប់ម៉ឺននាក់ត្រូវបានប៉ូលិសបង្ក្រាបយ៉ាងព្រៃផ្សៃ និងចាប់ខ្លួនខ្ទង់រយនាក់៕
សូមទស្សនាក្រុមបាតុករនៅសហរដ្ឋអាមេរិកផ្ទុះហិង្សា៖