Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា» នៅខេត្តកំពង់ចាម

24-06-2025 15:02

(កំពង់ចាម)៖ អាជ្ញាធរសវនកម្មជាតិបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា” ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង/ស្រុក និងឃុំ/សង្កាត់ នៃរដ្ឋបាលខេត្តកំពង់ចាម។

សិក្ខាសាលានេះធ្វើឡើង នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ អិល ប៊ី អិន អេស៊ាន ខេត្តកំពង់ចាម សរុបសិក្ខាកាមចំនួន ១១១ រូប ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង តំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រីបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ ដោយមានការចូលរួមពី លោក ខឹម ចិន្តា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក លី សារ៉ារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត។

លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានកត់សម្គាល់ថា សម្រាប់រដ្ឋបាលខេត្តកំពង់ចាម ការរៀបចំឱ្យមានអង្គសិក្ខាសាលានាពេលនេះ គឺជាឱកាសដ៏វិសេសមួយក្នុងការស្វែងយល់អំពី “ច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រម្ពុជា”។

ក្នុងឱកាសនោះដែរលោកបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ បានមានប្រសាសន៍ថា អង្គសិក្ខាសាលានេះ មានគោលដៅបញ្រ្ជាប និងបង្កើនការយល់ដឹងអំពីតួនាទី និងភារកិច្ចសវនកម្មផ្ទៃក្រៅ រាជរដ្ឋាភិបាល ដែលអនុវត្តមុខងារនេះ ដោយអាជ្ញាធរសវនកម្មជាតិ ជូនដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបានការគាំទ្រ និងកិច្ចសហការកាន់តែល្អប្រសើរ។ យន្តការនេះ នឹងជួយអាជ្ញាធរសវនកម្មជាតិអនុវត្តការងារសវនកម្ម ប្រកបដោយគុណភាពខ្ពស់ ក្នុងការសម្រេចគោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ការគ្រប់គ្រងធនធានទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ដោយឡែក លោកបណ្ឌិត ឡុង អាទិច្ចបូរា អគ្គលេខាធិការ និងជាគ្រូឧទ្ទេស នៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាមស្តីពី “ច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា” ដោយកំណត់លើ ៣ ចំណុច សំខាន់ៗ រួមមាន៖

*ទី១៖ គោលបំណងនៃការផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈ

*ទី២៖ ខ្លឹមសារនៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា

*ទី៣៖ ខ្លឹមសារនៃស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សិក្ខាកាមទាំងអស់ ចំណុះឲ្យរដ្ឋបាលខេត្តកំពង់ចាម ក៏ដូចតំណាងក្រុមហ៊ុនសម្បទានមួយចំនួនផងដែរ។

គួររំលឹកថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យ អំពីកិច្ចប្រតិបត្តិការការងារ និងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែលម្អ លើរាល់ចំណុចខ្វះខាតរបស់អង្គភាពរងសវនកម្ម ព្រមទាំងផ្ញើរបាយការណ៍សវនកម្មជូនស្ថាប័ននីតិប្បញ្ញត្តិ ពោលគឺ រដ្ឋសភា ព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល ហើយរបាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ៕