(ភ្នំពេញ)៖ លោក គង់ ផាត ដែលមជ្ឈដ្ឋានអ្នកសិល្បៈទូទៅ បានស្គាល់រូបលោកថា ជាជាងថតរូបដ៏ល្បីម្នាក់ និងបានវិវឌ្ឍខ្លួន​ក្លាយជាតារាសម្ដែង តួកាច តួដណ្ដើមស្រីស្នេហ៍របស់គេ និងតួបងធំជាដើមនោះ បែរជាមកទន់ជ្រាយចិត្ត សម្រក់ទឹកភ្នែកស្ទើរមិនគួរឲ្យជឿ ក្នុងថ្ងៃខួបកំណើតរបស់ខ្លួនទៅវិញ ធ្វើឲ្យមិត្តភក្តិ ក៏ដូចជាបងប្អូន ភ្ញៀវកិត្តិយស​ដែលបានចូលរួម ភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះតែមិននឹកស្មានថា មនុស្សម្នាក់ដែលធ្លាប់តែរឹងប៉ឹង មិនដែលចុះចាញ់អ្វីនោះ ​ចេះសម្រក់ទឹកភ្នែក ដូចជាមនុស្សស្រី នៅពេលនេះឡើយ។

ជាការពិតណាស់ ក្នុងថ្ងៃខួបកំណើតគម្រប់វ័យ៣៧ ឆ្នាំ ដែលបានធ្វើឡើងលក្ខណៈគ្រួសារ នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅឯភោជនីយដ្ឋានទន្លេបាសាក់២ គឺជាថ្ងៃដ៏មានន័យមួយ សម្រាប់តារាសម្ដែង លោក គង់ ផាត​ ហើយក្នុងថ្ងៃនោះ មិត្តភក្តិ ក៏ដូចជាបងប្អូន បានធ្វើឲ្យលោក គង់ ផាត មានការភ្ញាក់ផ្អើល ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន យ៉ាងខ្លាំង ដោយបាននាំមកនូវវត្តមាន​​ឪពុកម្ដាយ របស់លោក គង់ ផាត ចូលរួមអបអរសាទរក្នុងថ្ងៃនេះដែរ។ ប៉ុន្តែម្ចាស់សាមីខ្លួន មិនបានដឹងទាល់តែ​សោះថា អ្នកមានគុណទាំងពីរ អញ្ជើញមកចូលរួមសោះឡើយ ជាហេតុធ្វើឲ្យ គង់ ផាត រំភើបចិត្ត រហូតស្រក់ទឹកភ្នែក​នៅចំពោះមុខមិត្តភក្តិ និងភ្ញៀវកិត្តិយសតែម្ដង។

តារាសម្ដែង និងជាជាងថតរូបដ៏ល្បី​ លោក គង់ ផាត បានថ្លែងទាំងអួលដើមកថា «​ខ្ញុំអត់ដឹងថា... ពុកម៉ែមកចូលរួមទេ ខ្ញុំចង់និយាយថា ខ្ញុំធ្វើអ្វីៗសព្វថ្ងៃនេះ គឺដើម្បីតែគ្រួសារ ដើម្បីតែពុកម៉ែ និងប្អូនៗរបស់ខ្ញុំ។ ខ្ញុំពិតជាមិននឹកស្មានថា មានថ្ងៃនេះ ហើយខ្ញុំនឹងខិតខំតួស៊ូបន្ថែមទៀត។ ជូនពរពុកម៉ែ ឲ្យមានសុខភាពល្អ ថែរក្សាកូនចៅឲ្យបានយូរអង្វែង ជារៀងរហូត..!»។

លោក គង់ ផាត ត្រូវបានអ្នកសិល្បៈ ស្គាល់ជាទូទៅថា ជាជាងថតរូបដ៏ល្បីម្នាក់ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ប៉ុន្តែរហូតមកដល់ពេលនេះ លោកបានវិវឌ្ឍខ្លួនមួយដំណាក់​កាលទៀត គឺក្លាយជាតារាសម្ដែង ហើយភាគច្រើនបទចម្រៀង ឬក៏ខ្សែភាពយន្តដែល​លោកសម្ដែង គឺអ្នកដឹកនាំ តែងផ្ដល់តំណែងជាតួកាច និងតួបងធំ​ ជាដើម។ ក្នុងពិធីខួបកំណើត នាល្ងាចមិញនេះ តារាសម្ដែង គង់ ផាត ក៏បានធ្វើឡើងផ្គួបគ្នា ជាមួយនឹងខួប២ឆ្នាំ ​ហាងថតរូប របស់ខ្លួន មានឈ្មោះថា «Mirror» និងជាការអបអរសាទរ ការបើកហាងសាឡន បន្ថែមមួយទៀត ដើម្បីឆ្លើយតប​តាមត​ម្រូវការរ​បស់អ្នកសិល្បៈ ដែលបានមកថតរូបក្នុងហាង មួយនេះ។

សូមបញ្ជាក់ថា លោក គង់ ផាត ត្រូវបានទស្សនិកជនទូទៅស្គាល់រូបលោក តាមរយៈការបង្ហាញខ្លួនសម្ដែង ក្នុងបទចម្រៀងខារ៉ាអូខេ ក្នុងផលិតកម្ម ថោន សាន់ដេ និងផលិតកម្ម ហង្សមាស ជាដើម។ ជាមួយគ្នានេះ លោក ក៏បានបង្ហាញវត្តមានសម្ដែង​ភាពយន្ត ចំនួន២រឿងផង​ដែរ គឺរឿង«អង្គរក្សស្រី» និងរឿង «បណ្ដឹងស្រីទាំង៥» ដែលទើបតែចាក់បញ្ចាំង នាពេលថ្មីៗនេះ៕