(ចិន)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូទេសចរណ៍កម្ពុជា ចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ-ចិន នាទីក្រុងសៀងហៃ ដោយបានប្រកាសផ្សព្វផ្សាយអំពី សក្ដានុពលទេសចរណ៍កម្ពុជា ប្រាប់ដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន និងប្រទេសទី៣ ដើម្បីទាក់ទាញពួកគេឲ្យចូលមកទស្សនាកម្សាន្តកម្ពុជា បន្ថែមទៀត។
លោករដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងថា «ពិព័រណ៍ទេសចរណ៍អន្តរជាតិ-ចិន ឆ្នាំ២០១៦នេះ បានប្រារព្ធឡើង ចាប់ពីថ្ងៃទី១១-១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៦»។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រត្តិការទេសចរណ៍ ជាមួយលោក លី ស៊ីនចាវ (Li Zin Zao) ប្រធានរដ្ឋបាលទេសចរណ៍ជាតិចិន ដោយផ្តោតលើការជំរុញកិច្ចសហការផ្នែកសាធារណៈ និងផ្នែកឯកជន ដើម្បីធ្វើការផ្សព្វផ្សាយរួមគ្នា ជំរុញអ្នកវិនិយោគ ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់១ផ្លូវ១» សំដៅជំរុញទេសចរទៅវិញទៅមករបស់ប្រទេសទាំង២ និងប្រទេសទី៣ ឲ្យទៅទស្សនាប្រទេសចិន និងមកទស្សនាប្រទេសកម្ពុជា។
ក្រៅពីគោលបំណងទាក់ទាញភ្ញៀវទេសចរគ្នាទៅវិញទៅមក អនុស្សរណៈខាងលើនេះ ក៏ផ្ដោតលើការអប់រំបណ្តុះបណ្តាលធនធានមនុស្ស, ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកគ្រប់គ្រង និងអភិបាលកិច្ចល្អ ព្រមទាំងជំរុញការហោះហើរត្រង់ពី ចិនមកកម្ពជា ឲ្យបានកាន់តែច្រើន។
សូមបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍អន្តរជាតិ-ចិននេះ តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយឆ្លាស់វេនគ្នា រវាងទីក្រុងគុនមីង ខេត្តយូណាន់ និងទីក្រុងសៀងហៃ ហើយឆ្នាំ២០១៦នេះ គឺធ្វើនៅទីក្រុងសៀងហៃ ដែលមានការចូលរួមពីស្ថាប័ន និងក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិចំនួន ១,០៦៨ស្ថាប័ន មកពី៦៨ប្រទេស។
លោករដ្ឋមន្រ្តី បានបន្តថា «ប្រទេសកម្ពុជាតែងតែចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ-ចិននេះ ជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០១៦នេះ កម្ពុជានាំយកការសម្ដែងសិល្បខ្មែររបស់ក្រុមសិល្បករ នៃក្រសួងវប្បធម៌ វិចិត្រសិល្ប ព្រមទាំងក្រុមហ៊ុនអាកាសចរណ៍ និងទេសចរណ៍ចំនួន១៦ ទៅចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ផងដែរ។
សូមជម្រាបថា នៅឆ្នាំ២០១៥ កម្ពុជាទទួលបានទេសចរចិនចំនួន ៧០ម៉ឺននាក់ ហើយក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរចិនចំនួន ៥៨ម៉ឺននាក់ កើនឡើង១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៥។ ដោយឡែក ក្នុងឆ្នាំ២០១៦នេះ កម្ពុជារំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរចិន ជាង៨០ម៉ឺននាក់៕