(ភ្នំពេញ)៖ ហេតុការណ៍គ្រោះចរាចរណ៍មួយបានកើតឡើង ម៉ូតូមួយគ្រឿងទាក់ដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យយុវជនម្នាក់ដួលខ្ទាតចូលក្រោម កង់រថយន្តដឹកដី កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៨៖៣២នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅលើផ្លូវជាតិលេខ៣ មុខក្លោងទ្វាវត្តជន្លង់ម្លូក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថូ ស៊ាវឡុង អាយុ២០ឆ្នាំ ស្រុកកំណើតនៅភូមិព្រែកពោធិក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកវ៉េវ RSX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA.7362 បើកបរក្នុងទិសដៅពីជើងទៅត្បូង ចំណែកឯតៃកុងបើកបររថយន្តឈ្មោះ មាស បុរី អាយុ ២៣ឆ្នាំមុខរបរបើកឡាន រស់នៅភូមិពាមសង្កាត់ព្រៃស ខណ្ឌដង្កោ បើករថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌សពាក់ស្លាកលេខPP.0735 បើកបរស្រប់ទិសគ្នា។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញម៉ូតូ២គ្រឿង បើកបរស្រប់ទិសគ្នាខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតគ្នា បណ្តាលឱ្យម៉ូតូជនរងគ្រោះខាងលើដួលចូលក្រោមកង់រថយន្ត ដឹកដីខាងលើកិនបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង ភ្លាមៗនោះម៉ូតូបង្កបានរត់គេចខ្លួនបាត់ស្រមោល រីឯរថយន្តបង្កនិងតៃកុងត្រូវបានសមត្ថកិច្ចឃាត់ជាប់ ដើម្បីរងចាំជំនាញចរាចរណ៍ជើងគោក រាជធានីភ្នំពេញ មកធ្វើការវាស់វេងដោះស្រាយតាមផ្លូវច្បាប់៕