(សៀមរាប)៖ វិធានការមួយចំនួនត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញបន្ដបន្ទាប់ដើម្បីឆ្លើយតបចំពោះការប្រមាថ និងគំរាមកំហែងពីក្រុមយោធាថៃ ក្នុងនោះមុខទំនិញមួយចំនួនដូចជា បន្លែ ផ្លែឈើ ភេសជ្ជៈគ្រប់ប្រភេទ ប្រេងសាំង និងឧស្ម័នគ្រប់ប្រភេទ ត្រូវបានកាត់ផ្ដាច់ចោលទាំងស្រុងមិនឲ្យនាំចូលពីប្រទេសថៃឡើយ ក្រោយស្ថានភាពនៃការប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែន ពិសេសការប្រមាថម្ដងហើយម្ដងទៀតពីក្រុមយោធាថៃ ដែលតែងសម្រេចចិត្តដោយឯកតោភាគី។
បន្ទាប់ពីការផ្ដាច់ទំនិញមួយចំនួនមិនឲ្យថៃនាំចូលកម្ពុជាហើយនោះ រាជរដ្ឋាភិបាលកម្ពុជា បានងាកមកជំរុញឲ្យមានការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុកជំនួសវិញ ខណៈកម្ពុជាមានលទ្ធភាពម្ចាស់ការណ៍គ្រប់គ្រាន់ និងឯករាជ្យក្នុងការរស់នៅ ដោយមិនពឹងដង្ហើមប្រទេសជិតខាងដើម្បីដកនោះទេ ពោលបើទោះបីមិនមានទំនិញមួយចំនួននាំចូល តែអាចផ្គត់ផ្គង់បាននៅក្នុងស្រុក។
នៅចំពោះមុខនេះ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការផ្ទាល់ជូនរាជរដ្ឋាភិបាល លើការត្រួតពិនិត្យមុខទំនិញ និងការចែកចាយនៅតាមទីផ្សារ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងតម្លៃលក់ដូរទំនិញលើទីផ្សារ សំដៅបញ្ចៀសការឆ្លៀតឱកាសលួចតម្លើងថ្លៃមុខទំនិញមួយចំនួន ក្នុងអំឡុងពេលនេះផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងពេលនេះ ខ្ញុំសូមឲ្យក្រសួងពាណិជ្ជកម្ម ត្រូវពិនិត្យមើលការគ្រប់គ្រងតម្លៃ ការគ្រប់គ្រងផ្សេងៗ កុំឲ្យមានកត្តាឆ្លៀតឱកាស (តម្លើងថ្លៃទំនិញ)។ ក្រសួងពាណិជ្ជកម្មត្រូវតាមដានឲ្យជាប់ ទាំងគុណភាព និងតម្លៃផ្សេងៗ»។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរបន្លែ និងផ្លែឈើ កុំឆ្លៀតឱកាសតម្លើងថ្លៃទំនិញ ដោយយកចំណេញហួសប្រមាណ ដែលនាំឲ្យមានការលំបាកដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ក្នុងស្រុកខ្លួនឯង ពោលត្រូវរួមគ្នា សាមគ្គីគ្នា ក្នុងអំឡុងពេលនេះ។ ប៉ុន្ដែសម្ដេចជឿជាក់ថា អាជីវករខ្មែរមិនតម្លើងថ្លៃទំនិញនៅពេលនេះឡើយ៕