(ប៉ៃលិន)៖ គូរស្នេហ៍១គូបើកបរម៉ូតូ MSX ក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោងមិនប្រយ័ត្ន ក៏រ៉េចង្កូតទៅបុកនិងដុំថ្ម ដែលនៅម្ខាងផ្លូវ រួចធ្លាក់ចូលប្រឡាយបណ្តាលឲ្យខាងស្រីស្លាប់ ចំណែកខាងប្រុសរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះកើតឡើង នៅវេលាម៉ោង០២៖១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥៩ ក្នុងភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ជុំ វឿន នាយប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា នារីវ័យក្មេងដែលស្លាប់ឈ្មោះ ឈន ស្រីអែម អាយុ១៩ឆ្នាំ ជាអ្នករួមដំណើរ រស់នៅភូមិទូលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ (ស្លាប់និងកន្លែង) ចំណែកបុរសដែលជាអ្នកបើកបរឈ្មោះ យ៉ាន ដាហ្វីន អាយុ១៩ឆ្នាំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសធ្ងន់ដោយបើកម៉ូតូម៉ាក់ MSX ពណ៌ខៀវ គ្មានស្លាកលេខ បើកបរពីត្បួងទៅជើងក្នុងបំណងទៅស្រុកសាលាក្រៅ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង បើកបរក្នុងល្បឿនលឿន ដែលមានសំឡេងខ្លាំង មួយសន្ទុះក្រោយមកស្រាប់តែ បាត់សំឡេងរួចក៏នាំគ្នាទៅមើល ក៏ឃើញគូស្នេហ៍១ គូរស្លាប់នេះ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។ ក្រោយពីកើតហេតុសមត្ថកិច្ច បានដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោយសភាពធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ចចរាចរណ៍ស្រុកសាលាក្រៅ ចុះមកពិនិត្យ ព្រមទាំងប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំការដោះស្រាយតាមនីតិវិធី៕