(កោះកុង)៖ គម្រោងរេដបូក (REDD+) ដែលដឹកនាំដោយក្រសួងបរិស្ថាន និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រសិស្ស មកពីតំបន់ជួរភ្នំក្រវាញ។ អាហារូបករណ៍រូបករណ៍ទាំងនេះ ប្រៀបដូចជាកំណប់ទ្រព្យដែលចាយសឹងមួយជីវិតពោល គឺគិតមកដល់ពេលនេះ សិស្សអាហាររូបករណ៍ទាំងនោះបានចូលបំពេញការងារហើយ ក្រោយការរៀនបញ្ចប់៤ឆ្នាំ នៃថ្នាក់បរិញ្ញាបត្ររួចមក។
ក្នុងរយៈពេល៤ឆ្នាំ ពោលគឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ កន្លងមក គម្រោងរេដបូក បានធ្វើការជ្រើសរើសនិស្សិតអាហាររូបករណ៍ទាំងអស់១៦រូប ក្នុងនេះនៅឃុំជីផាត បានទទួលអាហាររូបករណ៍ចំនួន៦រូប មាននិស្សិតជំនាន់ទី១ ដល់ជំនាន់ទី៣។
កម្មវិធីអាហារូបករណ៍រេដបូកជួរភ្នំក្រវាញនេះដែរ បានបង្កើតឡើងនៅឆ្នាំ២០១៩ និងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២០ ក្នុងគោលបំណងជួយអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសហគមន៍។ ទាំងនេះជាផ្នែកមួយជួយកាត់បន្ថយការដាក់សម្ពាធលើព្រៃឈើ។ ក្នុងចំណោមនេះមានសិស្សអាហាររូបករណ៍៦រូប ដែលសុទ្ធសឹងក្រីក្រពុំមានលទ្ធភាពអាចបន្តសិក្សានៅថ្នាក់សាកលវិទ្យាល័យបន្តទៀតបានទេ។ ទោះបីយ៉ាងណាតាមរយៈគម្រោងរេដបូក ពួកគេអាចបន្តសិក្សានៅរាជធានីភ្នំពេញ ដោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយពេលនេះក្នុងចំណោមនិស្សិតទាំងនេះសុទ្ធតែមានការងារធ្វើដោយក្នុងនោះនិស្សិតអ្នកខ្លះអាចទទួលប្រាក់បៀវត្សរហូតដល់ជាង ៥០០ដុល្លារទៀតផង។
ជាមួយគ្នានេះដែរភាពសប្បាយរីករាយនេះ អ្នកស្រី ស៊ីសុវត្តិតេវ រស់នៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានឱ្យដឹងថា គាត់មានកូនប្រុសម្នាក់ ឈ្មោះ ប្រាក់ធីន បានរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកអាយធី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពេលនេះបានចូលធ្វើការនៅស្ថានទូតសហរដ្ឋអាមេរិកទៀតផង។
ស្រ្តីវ័យជាង៤០ ឆ្នាំរូបនេះបានប្រាប់ថា៖ «ក្នុងជីវិតនេះមិនបាននឹកស្មានថាបានកូនរៀនដល់ថ្នាក់សាកលវិទ្យាល័យទេ ពីព្រោះថាគ្រួសាររបស់ខ្ញុំពុំមានថវិកាសម្រាប់ឱ្យកូនបន្តថ្នាក់សាកលវិទ្យាល័យទេ តែដោយសារគម្រោងរេដបូក ធ្វើឱ្យកូនខ្ញុំបានទៅរៀននៅភ្នំពេញ។ គម្រោងរេដបូកបានជួយកូនខ្ញុំទាំងកន្លែងស្នាក់នៅ ថ្លៃបង់សាកលវិទ្យាល័យ ថ្លៃម្ហូបអាហារ និងថ្លៃប្រេងសាំង។ បើគ្មានគម្រោងនេះទេកូនខ្ញុំពុំអាចបន្តរៀននៅសាកលវិទ្យាល័យនៅភ្នំពេញសោះឡើយ»។
ដោយឡែក មាស សារ៉ាត់ ដែលមានកូនរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រ តាមរយៈគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញនេះដែរ បានប្រាប់ថាដោយសារជីវភាពខ្វះខាតច្រើន ម្ល៉ោះហើយកាលពីមុននេះនៅពេលកូនរៀនបញ្ចប់ថ្នាក់បាក់ឌុបហើយមិនសង្ឃឹមថាអាចបន្តសិក្សាថ្នាក់បរិញ្ញាបត្រទេ តែទីបំផុតអ្វីៗមិនដូចក្តីអស់សង្ឃឹមទេ គឺពេលនេះមិនត្រឹមតែកូនរបស់លោកអាចរៀនថ្នាក់សាកលវិទ្យាល័យមិនបង់ប្រាក់ហើយ នៅបានចូលធ្វើការងារនៅរាជធានីភ្នំពេញ ដោយជោគជ័យថែមទៀត។
ដោយឡែកអ្នកស្រី ម៉ៅ ដាលីន ដែលមានកូនប្រុសបានជាប់អាហាររូបករណ៍ក្នុងគម្រោងរេដបូកនេះដែរ បានប្រាប់ថាមុននេះបើគិតពីលទ្ធភាពឱ្យកូនទៅរៀនថ្នាក់សាកលវិទ្យាល័យនោះពិតជាមិនមាននោះទេ ហើយវាពិតជាមានភព្វសំណាងណាស់មានគម្រោងរេដបូកបានមកជួយទីបំផុតកូនអ្នកស្រីមិនត្រឹមតែបញ្ចប់ថ្នាក់សាកលវិទ្យាល័យទេ តែនៅអាចរកថវិកាមកជួយគ្រួសារថែមទៀត។ អ្នកស្រីពិតជាសប្បាយចិត្តពីព្រោះថាចាប់ពីពេលនេះទៅមិនពិបាករឿងកូនពុំមានការងារល្អធ្វើទេពីព្រោះថាកូនអាចរកការងារល្អធ្វើជាថ្នាក់ដឹកនាំក្រុមហ៊ុនផង។
ទាក់ទិនក្នុងរឿងនេះ លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងថា ក្នុងចំណោមសិស្សអាហាររូបករណ៍នេះជ្រើសរើសពីកូនអ្នកក្រីក្រក្នុងសហគមន៍។ពួកគេម្នាក់ៗឆ្លងកាត់ការប្រឡង មុននឹងអាចឈានទៅទទួលអាហាររូបករណ៍នេះ។
លោកបានបញ្ជាក់ថា «រយៈពេល៤ឆ្នាំក្នុងការសិក្សានេះ ផ្ដល់ឱ្យសិស្សសិក្សាលើជំនាញផ្សេងៗ ដើម្បីយកទៅអនុវត្ត និងពួកគេអាចជួយសហគមន៍របស់ពួកគេ ក្រោយពេលបញ្ចប់ការសិក្សា»។
គួរបញ្ជាក់ថា ជួរភ្នំក្រវាញ គឺជាតំបន់មួយសម្បូរដោយព្រៃឈើ និងជីវៈចម្រុះ ដែលជារបាំងធម្មជាតិដ៏សំខាន់នៅកម្ពុជា។ ដោយសារបញ្ហាជីវភាព និងខ្វះការយល់ដឹង ព្រៃឈើត្រូវបានបំផ្លាញជារៀងរាល់ឆ្នាំដើម្បីបានចំណូល។ ដើម្បីរក្សាព្រៃនៅតំបន់ជួរភ្នំក្រវាញបាន គឺចាំបាច់ធ្វើឱ្យជីវភាព និងការយល់ដឹងរបស់ពលរដ្ឋមូលដ្ឋានប្រសើរឡើង ជាមុនសិនពិសេសការអភិវឌ្ឍន៍សហគមន៍ ផ្តល់ចំណេះដឹងកូនចៅប្រជាសហគមន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធភូមិ ឃុំ ជាដើម៕