(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ស្ថិតនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

នាឱកាសនោះលោក សាយ គឹមឡម ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលតែង​គិតគូរ​យកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលា ទាំងនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់​របស់លោកជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោក សាយ គឹមឡម ក៏លើកទឹកចិត្តដល់អាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវខិតខំគិតគូរយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យអស់ពីលទ្ធភាពជាពិសេសពុកម៉ែបងប្អូនដែលមានពិការភាពមានជីវភាពខ្វះខាត និងងាយរងហានិភ័យជាដើម។

លោក ក៏អំពាវនាវឱ្យប្រជាជនសូមងាកមកគាំទ្រផលិតផលដែលផលិតក្នុងស្រុក ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ គ្រួសារ និងសង្គម ឱ្យមានការរីកចម្រើនរុងរឿងជាលំដាប់​ក្រោមការដឹកនាំដ៏បុនប្រសព្វ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

លោក សាយ គឹមឡម បានកោតសរសើរដល់រដ្ឋបាលឃុំ និងសហភាពសហព័ន្ធយុវជនកម្ពុជាឃុំកំពង់ចិនត្បូង ដែលមានលោក គឹម យ៉ុន ជាប្រធាន ដោយសហការគ្នាបានយ៉ាងល្អក្នុងការធ្វើសកម្មភាពមនុស្សធម៌ ការងារស្ម័គ្រចិត្តក្នុងសង្គម ដើម្បីបម្រើដល់ប្រជាជន  និងដោះស្រាយបញ្ហាជូនប្រជាជនដែលមានស្ថានភាពគ្រួសារខ្វះខាតបានទាន់ពេលវេលា។

សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋទាំង ១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងត្រីខ ១យួរផងដែរ៕