(កំពង់ធំ)៖ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅចំពុះក្អែក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានយាងចុះពិនិត្យវឌ្ឍនភាពការងារពុទ្ធិកសិក្សាខេត្តកំពង់ធំ នៅសាលាពុទ្ធិកវិទ្យាល័យព្រះសត្ថាបារមី កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ អមព្រះរាជដំណើរដោយព្រះឃោសធម្ម លន់ សុគន្ធា ព្រះអគ្គាធិការរង អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជគណៈ ព្រះមន្ត្រីសង្ឃមួយចំនួន ផ្សេងទៀត ។

នាឱកាសសម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង បានសាកសួរសុខទុក្ខ កោតសរសើរ ក្រើនរំលឹកណែនាំ និងលើកទឹកព្រះទ័យចំពោះ ព្រះមេគណ ព្រះមន្ត្រីសង្ឃ និងគណៈគ្រប់គ្រងសាលាពុទ្ធិក​សិក្សា​គ្រប់កម្រិតទូទាំងខេត្តកំពង់ធំ ទាំងមូលសូមឱ្យបន្តយកព្រះទ័យទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលអប់រំដល់ភិក្ខុ សាមណេរ ជាសមណសិស្ស ឱ្យគោរពប្រតិបត្តិតាមគោលការណ៍​ណែនាំរបស់អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សាជាតិ ដោយផ្តោតទៅលើគុណភាពជាគោល កុំយកតែបរិមាណ និងត្រូវប្រកាន់ខ្ជាប់នូវព្រះវិន័យ ដែលជាគ្រឿងលម្អរបស់សមណសក្យបុត្ត។

សម្តេចជាអម្ចាស់ទ្រង់មានព្រះរាជបន្ទូលថា ប្រទេសជាតិរីកចម្រើនអាស្រ័យលើមេដឹកនាំ និងការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ព្រះពុទ្ធសាសនាស្ថិតស្ថេរគង់វង្សទៅបានអាស្រ័យលើសាវ័ក​គោរពប្រតិបត្តិវិន័យបានខ្ជាប់ខ្ជួន ។

សម្តេចជាអម្ចាស់ ទ្រង់ប្រោសព្រះរាជទាននូវព្រះរាជអំណោយ ជាបច្ច័យមួយចំនួន ប្រគេន ជូនដល់សមណសិស្ស និងគណៈគ្រប់គ្រងសាលាផងដែរ ៕