ពួកក្រុមជ្រុលនិយម ឆ្លៀតឱកាសប្រើវិធីបែបស្មោគគ្រោគ បង្កើតគណនី Facebook ក្លែងបន្លំដាក់ឈ្មោះ សម្ដេចតេជោ ជាភាសាថៃ, សូមប្រុងប្រយ័ត្នខ្ពស់ ចៀសវាងចាញ់បោក គណនីក្លែងបន្លំ (Video inside)
20-06-2025 15:52
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកគណនី Facebook ដែលក្លែងបន្លំដាក់ឈ្មោះសម្ដេចតេជោ ជាភាសាថៃ ហើយផ្ញើសារស្នើឱ្យបាញ់លុយ ៣០០បាត តាម True Money។
សម្តេចបញ្ជាក់ថា «សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក ក្រុមជ្រុលនិយមយនិងឆ្លៀតឱកាសទាំងនេះ»។
តាមរយៈបណ្តាញទំនាក់ទំនងសង្គម សម្តេចតេជោបញ្ជាក់ដូចខាងក្រោមថា៖
សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ
ដោយថ្ងៃនេះ មានពួកក្រុមជ្រុលនិយមបានឆ្លៀតឱកាស ប្រើវិធីបែបស្មោគគ្រោគ ដោយបង្កើតគណនី Facebook ក្លែងបន្លំដាក់ឈ្មោះ សម្ដេចតេជោ ជាភាសាថៃ ជាមួយរូបរបស់ សម្តេចតេជា និងបានផ្ញើសារចេញជាភាសាថៃក្នុងអត្ថន័យខាងក្រោម៖
«សួស្តីបាទ ខ្ញុំ ហ៊ុន សែន ពេលនេះខ្ញុំកំពុងប្រមូលទុនដើម្បីកសាងកងទ័ពច្បាំងនឹងថៃ សូមជួយបាញ់លុយឲ្យខ្ញុំ ៣០០បាត តាម True Money ហើយខ្ញុំនឹងសងគុណទៅវិញចំនួន ៥០ ០០០បាតភ្លាម ពេលច្បាំងឈ្នះ»
សូមបញ្ជាក់ថា ផេក Facebook ផ្លូវការរបស់សម្ដេចតេជោមានតែមួយគត់គឺ Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia) និងមានសញ្ញាធីក verify ពីក្រុមហ៊ុន meta។
សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក ក្រុមជ្រុលនិយមយនិងឆ្លៀតឱកាសទាំងនេះ៕