(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក យ៉ិន សារឿន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ ដែលម្ចាស់សិប្បកម្មផលិតទឹកកក និងម្នាក់ទៀត ជាជាងតម្លើងម៉ាសីុន ដែលធ្វើឲ្យធ្លាយធុងហ្គាស បណ្ដាលឲ្យពលរដ្ឋ និងសមត្ថកិច្ចដែលជួយអន្ដរាគមន៍ ពុលសន្លប់រហូតដល់៧នាក់។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួន ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ អ៊ុក ណារី ភេទស្រី ជនជាតិខ្មែរក្រោម ជាម្ចាស់សិប្បកម្មផលិតទឹកកក និងជនត្រូវចោទម្នាក់ទៀតឈ្មោះ ឃាង លាភ ភេទប្រុស ជនជាតិវៀតណាម ជាជាងតម្លើងម៉ាស៊ីនផលិតទឹកកក ដែលជនត្រូវចោទទាំង២នាក់នេះ ត្រូវបានចោទប្រកាន់ទីបទ «បង្កឲ្យមានរបួសដោយចេតនា» ប្រឈមនឹងការដាក់ពន្ធនាគារ ពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល។
សូមបញ្ជាក់ថា នៅថ្ងៃត្រង់ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានហេតុការណ៍ធ្លាយធុងហ្គាស នៃរោងចក្រផលិតទឹកកក ស្ថិតនៅមុខផ្សារ PC តាមផ្លូវ២៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ
បណ្តាលឲ្យជះក្លិនជាតិអាម៉ូញាក់ នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាច្រើនគ្រួសារនៅក្បែរនោះ រហូតដល់ជម្លៀសចេញ សិស្សសាលា ព្រមទាំងបណ្តាលឲ្យមន្រ្តីនគរបាល ពន្លត់អគ្គិភ័យ៤នាក់ និងពលរដ្ឋ៣នាក់ទៀត សន្លប់ផងដែរ។
ប្រជាពលរដ្ឋ បានរិះគន់ដល់អាជ្ញាធរខណ្ឌមានជ័យ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធ ដែលមិនបានត្រួតពិនិត្យ ចំពោះដំណើរការរោងចក្រ ផលិតទឹកកកមួយនេះ រហូតធ្លាយធុងហ្គាសភាយចេញឧស្ម័នពុល ប៉ះពាល់ដល់ប្រជាពលរដ្ឋ។
បើតាមមន្រ្តីនគរបាល ថៅកែស្រីមានឈ្មោះ អ៊ុក ណាវី អាយុ៣៤ឆ្នាំជនជាតិវៀតណាម មុខរបរថៅកែផលិតទឹកកកដើមតូចស្នាក់នៅផ្ទះលេខគ្មានផ្លូវលេខ៣៧១ ស្ថិតនៅភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័ បានថ្លែងថា ករណីធ្លាយឧស្ម័ន អាម៉ូញ៉ាក់ របស់សិប្បកម្មផលិតទឹកកក ដែលមានទីតាំងក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានបណ្តាលឲ្យ ក្រុមការងារពន្លត់បង្កាអគ្គីភ័យត្រូវរងរបួសធ្ងន់២នាក់ និងរបួសស្រាល២នាក់ កម្មកររងបួសស្រាល៣នាក់ ដោយសារស្រូបក្លិនអាម៉ូញាក់ចូលផ្លូវដង្ហើមវាអាចប៉ះពាល់សួតខ្លាំងបំផុត ។
សម្រាប់ប្រតិបត្តិការវិញ នាយកដ្ឋានពន្លត់បង្កាអគ្គីភ័យប្រើប្រាស់ឡានទឹកជាង១០គ្រឿង ហើយ អ្នករងរបួសបានបញ្ជូនទៅពេទ្យរស្ស៉ី ខណ: ប្រជាពលរដ្ឋរស់នៅក្បែរ ខាងអាជ្ញាធរបានជម្លៀសចេញពីផ្ទះនៅពេលកើតហេតុនោះផងដែរ៕