(ភ្នំពេញ)៖ ក្រុមហ៊ុន SIEMENS ដែលគេដឹងថា ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូចនិកដ៏ធំមួយនៅលើពិភពលោក បានបង្ហាញពីបំណងចង់វិនិយោគលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា ដើម្បីរួមចំណែកបង្កើនសមត្ថភាពអ្នកបច្ចេកដល់និស្សិតកម្ពុជា។
បំណងរបស់ក្រុមហ៊ុន SIEMENS នេះបានស្តែងឡើងក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ាកូស ឡូរ៉ង់ហ្ស៊ីនី (Markus Lorenzini) នាយកប្រតិបត្តិក្រុមហ៊ុន SIEMENS ប្រចាំអាស៊ាន នៅថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ម៉ាកូស ឡូរ៉ង់ហ្ស៊ីនី បានថ្លែងគូសបញ្ជាក់ថា ក្រុមហ៊ុន SIEMENS មានវត្តមានលើទីផ្សារក្នុងពិភពលោកចំនួន ១៦៥ឆ្នាំមកហើយ ដោយប្រតិបត្តិការផ្គត់ផ្គង់ប្រព័ន្ធថាមពលអគ្គិសនី និងផលិតផលអេឡិចត្រូនិក។
លោកនាយកប្រតិបត្តិ បានបញ្ជាក់ថា ក្រុមហ៊ុនលោកមានបំណងពង្រីកប្រតិបត្តិការរបស់ក្រុមហ៊ុន SIEMENS នៅកម្ពុជាថែមទៀត ដោយចាប់ផ្តើមពីការអភិវឌ្ឍធនធានមនុស្ស តាមរយៈធ្វើកិច្ចសហការជាមួយមហាវិទ្យាល័យក្នុងស្រុក ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេក ទេសដល់យុវជនកម្ពុជាសំដៅឈានទៅបង្កើតប្រព័ន្ធថាមពលអគ្គីសនី និងឧបករណ៍អេឡិចត្រូនិក សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងលើពិភពលោក។
លោក ប៉ាន សូរស័ក្តិ បានបង្ហាញការគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន SIEMENS និងបានចែករំលែកពីលក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រ និងស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
លោករដ្ឋមន្ត្រី ក៏បានស្នើដល់លោក ម៉ាកូស ឡូរ៉ង់ហ្ស៊ីនី ពិនិត្យលទ្ធភាពវិនិយោគបង្កើតសេវាកម្មរថភ្លើងអាកាសនៅកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ដោយសារអាល្លឺម៉ង់ គឺជាប្រទេសល្បីល្បាញខាងផ្នែកប្រតិបត្តិការរថភ្លើងអាកាស។
លោក ម៉ាកូស ឡូរ៉ង់ហ្ស៊ីនី បានសន្យាទទួលយកសំណើរបស់លោករដ្ឋមន្ត្រី ទៅសិក្សាបន្ថែម និងឆ្លើយតបក្នុងពេលឆាប់ៗខាងមុខ៕