សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសទទួលស្វាគមន៍លោកឪស៊ុច រួមទាំងព្រះតេជគុណគ្រប់អង្គឱ្យតែជាខ្មែរ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា (Video inside)
19-06-2025 21:13
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) រួមទាំងព្រះតេជគុណ ព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ពីប្រជាជនថៃ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា។
តាមរយៈបានបណ្តាញសង្គម Facebook ផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា៖ ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។
មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។
រាជរដ្ឋាភិបាល និងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ៕