(កំពង់ធំ)៖ ក្រុមហ៊ុន «លឹម ប៊ុណ្ណា» (LBN) គឺជាក្រុមហ៊ុនវិនិយោគលើវិស័យស្រូវ អង្ករ ឈានមុខគេក្នុងប្រទេសកម្ពុជា ជាក់ស្ដែងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រើប្រាស់ម៉ាស៊ីនច្រូតស្រូវចំនួន១១ កណ្តៀវចំនួន១១ និងអធិបតីចំនួន១១ ក្នុងការប្រមូលផលស្រូវផ្ការំដួលសែនក្រអូប ក្រោមវត្តមាន លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានរៀបចំនៅទីតាំងក្រុមហ៊ុន ស្ថិតក្នុងតំបន់កែងគោល ភូមិត្រាច ឃុំទ្រា ស្រុកស្ទោងខេត្តកំពង់ធំ។ កម្មវិធីនេះដែរ មានការចូលរួមពីលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងមន្ត្រីរាជការជាច្រើននាក់ ផងដែរ។
លោក តាំង ឆុងងី ប្រធានចាត់ការទូទៅ ផ្នែកបច្ចេកទេស បានលើកឡើងថា ក្រុមហ៊ុន «លឹម ប៊ុណ្ណាអង្គរ»(LBN) បានបង្កើតឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយបានដាក់ទុនកសាង២០លានដុល្លារ ហើយក្រុមហ៊ុនមានផ្ទៃដីជាង៥,០០០ ហិចតា ការបង្កបង្កើនផលដាំដុះស្រូវ ពូជផ្ការំដួល នៅឆ្នាំនៅឆ្នាំទី១ បានជាង៣០០ហិចតា និងសម្រាប់នៅឆ្នាំទី២ បានជាង១ពាន់ហិចតា ចំណែកទិន្នផលស្រូវ ក្នុងមួយហិចតាទទួលបានពី៥ ទៅ៦តោន។
លោក តាំង ឆុងងី បន្ដថា អាយុកាល នៃការដាំដុះស្រូវពូជផ្ការំដួលនេះ មាន៤ខែកន្លះ ហើយការដាំដុះ គឺចាប់ពីចុងខែមិថុនាទៅ និងចក្ខុវិស័យដោយផ្តោតលើ វិស័យកសិកម្ម ដំណាំស្រូវ ហើយមជ្ឈមណ្ឌលនេះ គឺផ្តោតការផលិតពូជចែកចាយ និងការប្រមូលទិញ ពីកសិករមកវិញដើម្បីពង្រឹងគុណភាពស្រូវ ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសទិដ្ឋភាព នៅតាមវាលស្រែដែលកំពុងមើលឃើញ ជាប្រភេទស្រូវរំដួល ដែលបានប្រឡងជាប់៣ឆ្នាំ ផ្ទួនៗគ្នា ហើយនៅក្នុងកំឡុងខែខាងមុខនេះ ក្រុមហ៊ុន នឹងយកស្រូវផ្ការំដួលនេះ ទៅប្រកួតនៅទីផ្សារអន្តរជាតិទៀត។
លោក គង់ វិមាន ដើម្បីឆ្លើយតបទៅ នឹងសំណូមពររបស់ក្រុមហ៊ុន និងប្រជាពលរដ្ឋ ក្នុងនាមអាជ្ញាធរតាមមូលដ្ឋាន នឹងខិតខំផ្សារភ្ជាប់ ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យសហព័ន្ធធ្វើយ៉ាងណាឲ្យស្រូវរបស់កម្ពុជាមានតម្លៃថ្លៃ ហើយប្រជាពលរដ្ឋកម្ពុជា ធ្វើយ៉ាងណាដាំដំណាំស្រូវបានសុទ្ធល្អ និងធ្វើការអំពាវនាវ ដល់វិស័យឯកជនមេត្តាជួយទ្រទ្រង់ផ្សព្វផ្សាយ រកទីផ្សារជូនកសិករ ក្នុងការទិញស្រូវឲ្យមានតម្លៃខ្ពស់។
លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្សព្វផ្សាយ ដល់អ្នកវិនិយោគថាផ្ទៃដី នៅក្នុងខេត្តមានជាងម្ភៃម៉ឺនហិចតា ដែលជារៀងរាល់ឆ្នាំការបង្កបង្កើនផលរបស់ប្រជាកសិករ ដោយប្រមូលផលក្នុងរដូវវស្សាបានជាង៦៥ម៉ឺនតោន ហើយការប្រើប្រាស់ ក្នុងស្រុកអស់ជាង២០ម៉ឺនតោន ដូច្នេះនៅសល់ជាង៤០ម៉ឺនតោន ត្រូវការនាំចេញលោក សូមអំពាវនាវអ្នកវិនិយោគក្នុង និងក្រៅប្រទេស បើមានចំណាប់អារម្មណ៍លើវិស័យស្រូវអង្ករសូមចូលរួមទិញ ព្រោះស្រូវនៅទីនេះ មានគុណភាពល្អគ្មានជាតិគីមីច្រើន ហើយមានការផលិតតាមបច្ចេកទេស តម្រូវតាមស្តង់ដាតាមអន្តរជាតិ។
បន្ថែមពីនេះ លោក សុខ ពុទ្ធីវុធ សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន «លឹម ប៊ុណ្ណាអង្គរ» និងអាជ្ញាធរខេត្ត ព្រមទាំងប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនផលិតអង្ករ ទៅតាមលក្ខណៈបច្ចេកទេសមានស្តង់ដាអន្តរជាតិ ដើម្បីឲ្យនាំចេញមានការប្រកួតប្រជែង នៅលើឆាកអន្តរជាតិខិតខំពង្រីកបន្ថែម លើការដាំដុះប្រកបដោយគុណភាព៕n