(ភ្នំពេញ)៖ បន្ទាប់ពីសាកសួរអស់រយៈពេល១ថ្ងៃពេញ, នៅព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ តុលាការក្រុងភ្នំពេញ បានសម្រេចបញ្ជូន ជនសង្ស័យ២នាក់ដែលក្លែងបន្លំ Facebook សម្តេចតេជោ ហ៊ុន សែន ទៅឃុំនៅក្រសួងមហាផ្ទៃសិន ដើម្បីបន្តនីតិវិធីសាកសួរបន្ថែមនៅថ្ងៃស្អែក។ នេះបើតាមការឱ្យដឹងពីមន្រ្តីតុលាការ។
ជនសង្ស័យទាំង២នាក់នោះ រួមមានទី១ឈ្មោះ ឈួន សារុន អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិដីក្រហម ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាបុគ្គលិកនៅស្ថាប័ន មីក្រូហិរញ្ញវត្ថុ «បំណងប្រាថ្នា»។ ជននេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកម្នាក់ទៀតមានឈ្មោះ សួន ចាន់រតនៈ អាយុ២៤ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបាន អគ្គស្នងការដ្ឋាន នគរបាលជាតិ ធ្វើសន្និសីទកាសែតបង្ហាញមុខកាលពីម្សិលមិញ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនសង្ស័យទាំងពីរនាក់នេះចំនួន២បទល្មើស រួមមាន បទក្លែងលិខិតសាធារណ: និង បទប្រើប្រាស់លិខិតសាធារណ:ក្លែង។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានថ្លែងថា ជនសង្ស័យទាំង២នាក់នេះ បានបង្កើត Facebook ដោយប្រើឈ្មោះ «សម្តេច ហ៊ុន សែន» ហើយបានឧទ្ទេសខ្លួនឯងថា ជាទីប្រឹក្សារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយបានក្លែងត្រា និងហត្ថលេខសម្តេចតេជោ ហ៊ុន សែន ទៀតផង។ សម្រាប់ទង្វើរបស់ពួកគេនេះ ត្រូវបានប្រធាននាយកដ្ឋានរូបនេះចាត់ទុកថា ជាការប៉ះពាល់យ៉ាងធ្ងន់ដល់កិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន និងនាំឲ្យមានការយល់ច្រឡំពីសាធារណជនទាំងឡាយ។
ចំពោះករណីនេះ, សមត្ថកិច្ចបានអំពាវនាវឱ្យអ្នកប្រើប្រាស់ Facebook ទាំងអស់គោរពច្បាប់ ហើយជៀសវាងការប្រើប្រាស់ ឈ្មោះមន្រ្តីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ឬអ្នកដទៃ ដោយមិនមានការអនុញ្ញាតពីសាមីខ្លួនឱ្យសោះ ដែលនាំឱ្យប្រឈម ចំពោះមុខច្បាប់៕