(តាកែវ)៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារសេនាធិការនៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បាននាំយកអំណោយ លោកបណ្ឌិតសភាចារ្យ សុខ អាន និង លោកស្រី អាន្នី សុខអាន រួមទាំងសប្បុរសជនមួយចំនួនទៀត ចែកជូនដល់ក្រុមកីឡាករ ប្រណាំងទូក(ង) នៅខេត្តតាកែវ ដើម្បីលើកទឹកចិត្តដល់ពួកគេដែលត្រៀមប្រកួតអុំទូក នៅសប្តាហ៍ក្រោយនេះ។
មន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា អំណោយរបស់ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងលោកស្រី អាន្នី សុខអាន ដែលត្រូវចែកជូនកីឡាករអុំទូកពេលនេះ សរុបទាំងអស់មានចំនួន៦៦០កញ្ចប់ ដែលក្នុងមួយកញ្ចប់ៗមាន សារុងមួយ ក្រមាមួយ ប៊ីចេងកន្លះគីឡូក្រាម និងថវិកាទ្រាប់ដៃមួយម៉ឺនរៀល។ ទន្ទឹមនឹងនោះអំណោយទទួលបានពី លោក សុខ ពុទ្ធិវុធ និងក្រុមហ៊ុនសោមា មានជាផ្លែដូងក្រអូប៧០០ផ្លែ ពងមាន់៦២០០គ្រាប់ ទឹកផ្លែឈើ ១៩កេះ ។
គ្រឿងឧបភោគបរិភោគទាំងអស់នេះ គឺសម្រាប់ផ្គត់ផ្គង់និងសម្រួលដល់ការស្នាក់នៅរបស់ក្រុមកីឡាករទូកទាំងអស់ ក្នុងអំឡុងពេលហ្វឹកហាត់សម ត្រៀមចូលរួមប្រណាំងទូក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។
អំណោយទាំងនេះ ត្រូវបានប្រគល់ជូនកីឡាករប្រណាំងទូករបស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងទូកចំនួន០៦ទៀត មកពី០៦ស្រុក រួមមានស្រុកគិរីវង់ អង្គរបូរី បុរីជលសារ ស្រុកបាទី ស្រុកកោះអណ្តែត និងក្រុងដូនកែវ ខេត្តតាកែវ ។
សូមបញ្ជាក់ថា ទូកប្រណាំងដែលមកពីខេត្តតាកែវ និងទីស្ដីការគណៈរដ្ឋមន្រ្តីមានចំនួនសរុប ៧ទូក សុទ្ធសឹងជាទូកដែលមានប្រវត្តិ និងកេរ្តិ៍ឈ្មោះជាទូកប្រណាំងដែលមានល្បឿនលឿនប្រចាំខេត្តតាកែវ៕