(ស្ទឹងត្រែង)៖ កម្លាំងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយអាវុធហត្ថស្រុកស្ទឹងត្រែង និងអាវុធហត្ថស្រុកសៀមប៉ាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាសកម្មជនគណបក្សសង្គ្រោះជាតិ ៦នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញឿន ដោយក្នុងនោះកម្លាំងអាវុធហត្ថ ដកហូតបានថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ៤១២គ្រាប់ និងកាំភ្លើងកែឆ្នៃមួយដើម។ ការឃាត់ខ្លួននេះត្រូវបានធ្វើឡើង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណុចកែងញ៉ៃ ស្ថិតក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នេះបើយោងតាមលោកឧត្តមសេនីយ៍ត្រី អឿង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង។
លោក ស៊ុយ អិនឡន អភិបាលរងស្រុកសៀមប៉ាង បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោម៦នាក់ដែលឃាត់ខ្លួនបាននោះ មានម្នាក់ជាសកម្មជនគណបក្ស សង្គ្រោះជាតិឈ្មោះ ម៉ិច ទុន អាយុ៣៣ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង។
លោកមេបញ្ជាការបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួននេះ ទី១៖ ឈ្មោះ ដែង ឡ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ទី២៖ ឈ្មោះ លាន ម៉ន អាយុ៣២ឆ្នាំ ទី៣៖ ឈ្មោះ ម៉ិច ទុន អាយុ៣៣ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ទី៤៖ ឈ្មោះ ជិន ជីត អាយុ៣៥ឆ្នាំ រស់នៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ទី៥៖ ឈ្មោះ អៀម ថេន អាយុ៣១ឆ្នាំ រស់នៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង និងទី៦៖ ឈ្មោះ សួស ម៉ៃ អាយុ៣២ឆ្នាំ រស់នៅភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតមីនWY ៤១២គ្រាប់ ទូរស័ព្ទដៃ៥គ្រឿង ម៉ូតូ១គ្រឿង ពាក់ស្លាកលេខស្ទឹងត្រែង2A-9520 ខ្សែករលោហៈពណ៌លឿង១ខ្សែ និងអាវុធកែឆ្នៃ១ដើម។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕