(ភ្នំពេញ)៖ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ស្ដេចយាងពន្លត់ភ្លើងជ័យ ដែលបានឆេះឡើងអស់រយៈពេលបីថ្ងៃមកហើយ (ថ្ងៃទី០៩-១១ ខែ វិច្ឆិកា ២០១៦) នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ក្រោយពិធីនេះបានបញ្ចប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះឲ្យដឹង នៅលើ Facebook Page ផ្លូវការរបស់សម្តេចតេជោ ដោយបានបញ្ជាក់ ឲ្យដឹងថា «ខ្ញុំព្រះករុណាខ្ញុំ មានកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុត ដែលបានដង្ហែព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានស្ដេចយាងពន្លត់ភ្លើងជ័យ ដែលបានឆេះឡើងអស់រយៈ ពេលបីថ្ងៃ មកហើយ (ថ្ងៃទី០៩-១១ ខែ វិច្ឆិកា ២០១៦)។ ខ្ញុំព្រះករុណា ខ្ញុំសូមអរព្រះគុណ ព្រះតេជគុណគ្រប់ព្រះអង្គ និងសូមអរគុណសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីអង្គទូត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗចៅៗសិស្សានុសិស្សដែលបានចូលរួមនៅក្នុងពិធីជាប្រវត្តិសាស្រ្តនេះ។ ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរព្រះសង្ឃ និងជូនពរ បងប្អូនជនរួមជាតិទូទាំងប្រទេស ទទួលបាននូវពុទ្ឋពរ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈនៅក្នុងថ្ងៃប្រវត្តិសាស្រ្តដ៏វិសេសវិសាលនេះ»។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាខួប៦៣ឆ្នាំហើយ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៦) ដែលប្រជាជាតិកម្ពុជាទាំងមូល រំដោះខ្លួនបាន ទាំងស្រុងចេញពីអាណានិគមបារាំង ក្រោម ព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ៕