(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានណែនាំឲ្យមន្រ្តីក្រោមឱវាទ ប្រញាប់ប្រញាល់រៀបចំក្រុមការងារមួយ ដើម្បីត្រៀមចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារប៊ូឌីញ «ស» ក្នុងពេលឆាប់ៗខាងមុខ។
ក្នុងកិច្ចប្រជុំជាមួយ គណៈកម្មការរៀបចំគម្រោងអគារប៊ូឌីញ «ស» នាទីស្ដីការក្រសួងរៀបចំដែនដី លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានណែនាំឲ្យមន្រ្តីពាក់ព័ន្ធ ត្រូវពន្លឿនការរៀបចំសេចក្តីព្រាងស្រង់ស្ថិតិប្រជាពលរដ្ឋមួយ និងក្រុមការងារពាក់ព័ន្ធ ឲ្យបានឆាប់ ដើម្បីត្រៀមចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរស់នៅក្នុងអាគារដ៏ឌ្រុធឌ្រោមមួយនេះ។
លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា ការចុះស្រង់ស្ថិតិប្រជាពលរដ្ឋទាំងអស់នោះ លោកនឹងចុះដឹកនាំដោយផ្ទាល់ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីរិះរកដំណោះស្រាយ និងពន្លឿនការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ មិនឲ្យមានចន្លោះណាម្នាក់ឡើយ។
សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានជួបពិភាក្សាជាមួយតំណាងអាជ្ញាធរ តំណាងក្រុមហ៊ុនជប៉ុន Arakawa និងតំណាងប្រជាពលរដ្ឋទាំង ៥៥៤គ្រួសារ ជុំវិញគម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស» តែមិនទាន់មានលទ្ធផលល្អ សម្រាប់ឲ្យភាគីពាក់ព័ន្ធទទួលយកបាននៅឡើយ ហើយគ្រោងលើកយកទៅពិភាក្សាបន្ត នៅក្រោយព្រះរាជពិធីបុណ្យអុំទូក ខណៈពលរដ្ឋភាគច្រើនចង់បានលុយសំណង យកទៅទិញផ្ទះថ្មី មិនចង់រង់ចាំរស់នៅក្នុងអគារប៊ូឌីញ ដែលធ្វើថ្មីនោះឡើយ៕