(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីបែងចែកដាក់កម្លាំង របស់នាយករដ្ឋាន ទៅតាមទិសដៅផ្សេងៗគ្នា ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ដែលមកកម្សាន្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ និង ១៥ខែវិច្ឆិកា ឆ្នាំ២០១៦។
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់ថា ការបើកកិច្ចប្រជុំបន្ទាប់នេះ ដើម្បីផ្សព្វផ្សាយ ផែនការ រៀបចំកម្លាំងតាមគោលដៅ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ពង្រឹកក្នុងការការពារ សន្តិសុខ សុវត្តិភាព និងសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋ ដែលកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ជិតតំបន់ដែលត្រូវបិទ សូមមេត្ដាយោគយល់ និងអំពាវនាវ ដល់ប្រជាពលរដ្ឋ នៅរស់នៅតាមជនបទ ឲ្យបានមកលេងកំសាន្តទាំងអស់គ្នា កុំមានការព្រួយបារម្ភ ព្រោះកម្លាំងសន្តិសុខ បានរៀបចំការពារយ៉ាងល្អ។
សូមជម្រាបថា ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ សមត្ថកិច្ច ដែលមានទាំងនគរបាល និងអាវុធហត្ថ បានត្រៀមកម្លាំងជាង១ម៉ឺននាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកកម្សាន្តក្នុងពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ៕