Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជំហររបស់កម្ពុជាអត់រាថយទេ ក្នុងការប្រើប្រាស់យន្តការ ICJ ដោះសា្រយបញ្ហាទាំង៤ ជាមួយថៃ (Video inside)

17-06-2025 19:50

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជា អត់ដកថយទេក្នុងការប្រើយន្តការ ICJ ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ សម្ដេចបានបញ្ជាក់ថា ពាក្យបណ្ដឹងរបស់កម្ពុជា បានដាក់ដល់ដៃរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយ អ្នកមិនជឿអាចទូរស័ព្ទទៅសួរ ICJ បាន។ ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនគ្រាន់តែនិយាយទេ ក្នុងរយៈពេល២សប្ដាហ៍គត់ ក្រោយពីរដ្ឋាភិបាលបានប្រកាសផ្លូវការ ក្រសួងការបរទេសរបស់កម្ពុជា បានផើ្ញលិខិតជាផ្លូវការទៅ ICJ តែម្ដង បានន័យថា កម្ពុជាអត់ផ្លាស់ប្ដូរទេ ពីការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិដោះសា្រយបញ្ហាទាំង៤នេះ។ សម្ដេចបានផ្ដាំទៅកាន់ប្រជាពលរដ្ឋច្បាស់ៗថា សូមជឿជាក់លើរដ្ឋាភិបាល នេះជា គោលការណ៍របស់កម្ពុជាយើង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ជំហររបស់កម្ពុជា ទៅ ICJ នេះអត់រាថយទេ កន្លងទៅមានសារព័ត៌មានជាច្រើនថាកម្ពុជា យើងប្រកាសថ្ងៃទី១ ចេញសារជាជំហររបស់កម្ពុជា រាជរដ្ឋាភិបាល ថ្ងៃទី២ យើងឆ្លងសមាជ នៅក្នុងសមាជនោះ គឺខ្ញុំប្រកាសជំហររបស់កម្ពុជា ដែលនាំយកបញ្ហានៅប្រាសាទសាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការ ICJ ដើម្បីដោះស្រាយ ហើយមានការគាំទ្រជាឯកច្ឆន្ទពីសភា និងព្រឹទ្ធសភា នៅក្នុងសមាជរួមលើកទី១ ជាប្រវត្តិសាស្រ្ត»

សម្ដេចធិបតី បានបន្តថា៖ «យើងគ្មានជំហរដកថយពីកិច្ចការងារនេះទេ យើងនៅរក្សាជំហរដដែលតាំងពីថ្ងៃនោះមក នេះគឺជាការពិត ហើយចន្លោះពីថ្ងៃនោះរហូតដល់ថ្ងៃទី១៦ ដែលយើងដាក់ផ្ទាល់ដៃ មានការបកស្រាយច្រើនណាស់ តែយើងមិនមាត់ តើយើងចាំបាច់អីទៅឆ្លើយតបបញ្ហានេះជាប្រចាំ អ្នកនាំពាក្យយើងចញពន្យល់អីហើយ។ ប៉ុន្តែអ្វីដែលសំខាន់យើងធ្វើសកម្មភាពជាក់ស្ដែង។ ខ្ញុំសូមបញ្ជាក់ឱ្យបងប្អូនបានឃើញហើយ កម្ពុជាមិនបានត្រឹមតែនិយាយទេ ក្នុងរយៈពេល២សប្ដាហ៍គត់ ក្រោយពីយើងប្រកាសជាផ្លូវការ ក្រសួងការបរទេសរបស់យើង បានផើ្ញលិខិតជាផ្លូវការទៅ ICJ តែម្ដង បានន័យថា កម្ពុជាអត់ផ្លាស់ប្ដូរទេ ពីការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិដោះសា្រយបញ្ហាទាំង៤នេះ សូមជឿឱ្យច្បាស់នេះជា គោលការណ៍របស់យើង»

ទន្ទឹមគ្នានេះ ការដាក់ពាក្យបណ្ដឹងរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ គឺចំថ្ងៃទី១៥ ខែមិថុនា ជាថ្ងៃដែលកម្ពុជា កាលពី៦៣ឆ្នាំមុន បានឈ្នះក្ដីថៃ ដោយត្រូវបានតុលាការយុត្តិធម៌អន្តរជាតិមួយនេះ សម្រេចឱ្យកម្ពុជាក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើប្រាសាទព្រះវិហារកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ នេះជារឿងចៃដន្យមួយ នឹងជាប្រផ្នូលល្អមួយសម្រាប់កម្ពុជា។

សូមជម្រាបថា ពាក្យបណ្តឹងរបស់កម្ពុជាពាក់ព័ន្ធនឹងជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បញ្ជូនលិខិតផ្លូវការមួយច្បាប់ដែលជាពាក្យបណ្តឹងទៅកាន់លោក Philippe Gautier មន្ត្រីអត្រានុកូលដ្ឋានរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJនាថ្ងៃទី១៥ ខែមិថុនា នឹងបានប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ នាថ្ងៃចន្ទ ទី១៦ ខែមិថុនា តាមរយៈឯកអគ្គរាជទូតកម្ពុជាដែលទទួលខុសត្រូវនៅប្រទេសហូឡង់៕