(ភ្នំពេញ)៖ លោក Xiong Bo អគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានសន្យាជាមួយអាជ្ញាធរជាតិអប្សរាថា នឹងជំរុញគម្រោងពាក់ព័ន្ធការអភិរក្សប្រាសាទ ឲ្យដំណើរការប្រកបដោយភាពរលូន ដើម្បីធ្វើឲ្យកិច្ចទំនាក់ទំនង នៃប្រទេសទាំងពីរ កាន់តែរឹងមាំប្រសើរឡើងថែមទៀត។
ការសន្យាបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងឱកាសលោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារ ជួបពិភាក្សាការងារជាមួយលោក Xiong Bo អគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និងលោកស្រីបណ្ឌិត Han Jing លេខាទី២ ស្ថានទូតចិនទទួលបន្ទុកកិច្ចការវប្បធម៌ អប់រំ និងទេសចរណ៍ ដែលបានធ្វើឡើងនៅស្ថានទូតចិនប្រចាំកម្ពុជា។
ក្នុងកិច្ចពិភាក្សាលោក ស៊ុ ម៉ាប់ អគ្គនាយកបានជម្រាបជូនឯកអគ្គរដ្ឋទូតចិន អំពីបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា និងកិច្ចការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។ ក្នុងនោះលោកអគ្គនាយក បានរំលេចអំពីការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ដូចជា ការងារអភិរក្សជួសជុលប្រាង្គប្រាសាទ ការអភិវឌ្ឍទេសចរណ៍ និងការអភិវឌ្ឍសហគមន៍ក្នុងឧទ្យានអង្គរ ដែលកិច្ចការទាំងអស់នេះ ជាសកម្មភាពស្នូលដែលអាជ្ញាធរជាតិអប្សរាទទួលបានជោគជ័យ ជាបន្តបន្ទាប់ ហើយទទួលបានការកោតសរសើរ និងមានបណ្តាប្រទេសមួយចំនួន សុំរៀនសូត្រដកស្រង់បទពិសោធន៍ លើកិច្ចការទាំងនេះទៀតផង។
ចំពោះកិច្ចការអភិរក្សជួសជុលប្រាង្គប្រាសាទនេះដែរ ក្នុងរយៈកាលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់លើកិច្ចការនេះ ដោយជួសជុលរួចរាល់ជាស្ថាពរនូវប្រាសាទចៅសាយទេវតា ហើយបច្ចុប្បន្ននេះ កំពុងជួសជុលប្រាសាទតាកែវជាបន្តទៀត។ ជាមួយគ្នានេះ ប្រទេសចិន ក៏បានចូលរួមចំណែកលើការអភិវឌ្ឍសហគមន៍ ដោយចូលរួមអភិវឌ្ឍលើវិស័យកសិកម្មនៅភូមិធម្មជាតិរុនតាឯក តាមរយៈមជ្ឈមណ្ឌលលើកកម្ពស់កសិកម្មចិន-កម្ពុជា ហៅកាត់ថា CAPROC (China-Cambodia Agriculture Promotion Center)។
លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានអញ្ជើញលោកអគ្គរដ្ឋទូតចិន និងគណៈប្រតិភូធ្វើទស្សនកិច្ច នៅរមណីយដ្ឋានអង្គរ និងប្រាសាទបេងមាលា ជាប្រាសាទដែលមានសំណង់ស្ថាបត្យកម្មល្អឯក ហើយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរចិន។ ក្នុងនោះ លោកអគ្គនាយក ក៏បានសំណូមពរចំពោះអគ្គរដ្ឋទូតចិន នូវការងារសហប្រតិបត្តិការមួយចំនួនដូចជា ជួយលើការងារអភិរក្ស និងលើកតម្លៃប្រាសាទបេងមាលា ដើម្បីធ្វើគំរូ នៃកិច្ចសហការកម្ពុជា-ចិន លើកិច្ចការអភិរក្សបេតិកភណ្ឌ ការងារបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតលើការបណ្តុះបណ្តាលភាសាចិន ដល់មន្ត្រីបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា ដែលកំពុងធ្វើការជាមួយការដ្ឋាន ដែលដំណើរការដោយប្រទេសចិន។
ជាកិច្ចឆ្លើយតប លោកអគ្គរដ្ឋទូតចិន បានស្វាគមន៍ចំពោះគណៈប្រតិភូអាជ្ញាធរជាតិអប្សរា និងជម្រាបជូនអំពីដំណើរ ដែលក្រុមការងាររបស់លោក បានចូលជួបសម្តែងការគួរសមជាមួយ បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។ លោក ក៏រំឭកអំពីលទ្ធផលជាវិជ្ជមាន នៃដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិនមកកាន់កម្ពុជានាពេលថ្មីនេះ ដែលមានគម្រោងជាច្រើន ដែលត្រូវបានចុះហត្ថលេខា ហើយក្នុងនោះ មានគម្រោងមួយចំនួនពាក់ព័ន្ធ នឹងកិច្ចការអភិរក្សបេតិកភណ្ឌ និងវប្បធម៌៕