Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមជាមួយគណៈប្រតិភូយុវជនគណបក្ស សួរសុខទុក្ខនាំយកថវិកាជូនប្រជាពលរដ្ឋ ៣៥០គ្រួសារ ជម្លៀសចេញពីទីតាំងសមរភូមិជួរមុខកម្ពុជា-ថៃ

17-06-2025 16:19

(ព្រះវិហារ)៖ លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចូលរួមជាមួយគណៈប្រតិភូយុវជនគណបក្ស ថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ ដែលជម្លៀសចេញពីទីតាំងសមរភូមិជួរមុខកម្ពុជា-ថៃ ទៅកាន់ទីតាំងមានសុវត្ថិភាព ដោយមួយគ្រួសារទទួលបានថវិកាចំនួន ៤០ម៉ឺនរៀលកាលពីរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ។

ពិធីសំណេះសំណាលសួរសុខទុក្ខ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងមានការចូលរួមពីអភិបាលខេត្តព្រះវិហារ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល យុវជនគណបក្សថ្នាក់គ្រប់ថ្នាក់ ព្រមទាំងឧកញ៉ា លោក លោកស្រីសប្បុរសជនជាច្រើនរូបទៀត ស្ថិតនៅមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន វត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

ថ្លែងក្នុងពិធីសំណេះសំណាល លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកជូនដល់បងប្អូនកងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនទិសព្រះវិហារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរបស់បងប្អូនកងទ័ព និងក្រុមគ្រួសារកងទ័ព។

លោកបានថ្លែងអំណរអរគុណចំពោះពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមោះមុត និងស្មារតីស្នេហាជាតិ ដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ជូនប្រជាជន និងជាតិមាតុភូមិ ជាពិសេសការផ្សារភ្ជាប់រវាងសមរភូមិមុខ ជាមួយសមរភូមិក្រោយ តាមរយៈសិល្បៈនៃការចែករំលែក និងចលនាកៀរគរជំនួយឧបត្ថម្ភបន្ថែមជួយដល់កងទ័ពជួរមុខ៕