(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ដែលបានក្លែងបន្លំ Facebook ប្រើឈ្មោះ «សម្តេចតេជោ ហ៊ុន សែន» ត្រូវបាននគរបាល នាយកដ្ឋានប្រឆាំងភាវរកម្មក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ជនសង្ស័យ២នាក់នោះ រួមមានទី១ឈ្មោះ ឈួន សារុន អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិដីក្រហម ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាបុគ្គលិកនៅស្ថាប័ន មីក្រូហិរញ្ញវត្ថុ «បំណងប្រាថ្នា» ត្រូវបានចាប់ខ្លួននៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ និងម្នាក់ទៀឈ្មោះ សួន ចាន់រតនៈ អាយុ២៤ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបាន អគ្គស្នងការដ្ឋាន នគរបាលជាតិ ធ្វើសន្និសីទកាសែតបង្ហាញមុខ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចុះអនុវត្តផ្ទាល់ក្នុងរឿងនេះ បានសម្រេចចោទប្រកាន់លើជនត្រូវចោទទាំងពីរនាក់នេះ ចំនួន២បទល្មើស រួមមាន ទី១. បទក្លែងលិខិតសាធារណ: និង ២.បទប្រើប្រាស់លិខិតសាធារណ:ក្លែង តាមមាត្រា៦២៩ និង៦៣០ នៃក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា សមត្តកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម បានធ្វើសន្និសីទបង្ហាញមុខជាសាធារណៈ របស់ជនសង្ស័យទាំង២នាក់ខាងលើ។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានថ្លែងថា បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ បានបង្កើត Account Facebook ដោយប្រើឈ្មោះប្រមុខរាជរដ្ឋាភិបាលដាក់ថា «សម្តេច ហ៊ុន សែន» ហើយបានឧទ្ទេសខ្លួនឯងថា ជាទីប្រឹក្សារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយបានក្លែងត្រា និងហត្ថលេខសម្តេចតេជោ ហ៊ុន សែន ទៀតផង។ ពួកគេបានបង្ហាញ ខ្លឹមសារទាំងនេះ នៅវេលាម៉ោង១១៖៣១ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ចំពោះករណីនេះ, សមត្ថកិច្ចបានអំពាវនាវឱ្យអ្នកប្រើប្រាស់ Facebook ទាំងអស់គោរពច្បាប់ ហើយជៀសវាងការប្រើប្រាស់ ឈ្មោះមន្រ្តីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ឬអ្នកដទៃ ដោយមិនមានការអនុញ្ញាតពីសាមីខ្លួនឱ្យសោះ ដែលនាំឱ្យប្រឈម ចំពោះមុខច្បាប់៕