(ភ្នំពេញ)៖ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា បើកសវនាការសំណុំរឿងគប់គ្រាប់បែកសម្លាប់មួយគ្រួសារ នៅភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឲ្យកុមារាម្នាក់អាយុ១១ឆ្នាំស្លាប់និង៥នាក់រងរបួសធ្ងន់ស្រាល ដែលមានចៅសង្កាត់គោករកាជាមេខ្លោង។ ប៉ុន្តែក្រោយការសួរដេញដោល សាលាឧទ្ធរណ៍បានលើកពេលប្រកាសសាលដីកាទៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះវិញ។
សូមជំរាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ បានប្រកាសសាលក្រមផ្តន្ទាទោសក្រុមជនល្មើស៤នាក់ ដាក់ពន្ធនាគារចន្លោះពី៣០ឆ្នាំដល់មួយជីវិត ក្នុងសំណុំរឿងគប់គ្រាប់បែកសម្លាប់មួយគ្រួសារ នៅភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឲ្យកុមារាម្នាក់អាយុ១១ឆ្នាំស្លាប់និង៥នាក់រងរបួសធ្ងន់ស្រាល ។
តុលាការ បានផ្តន្ទាទោសឈ្មោះ ភី ណុប អាយុ៤៦ឆ្នាំ ជាអតីតចៅសង្កាត់គោករកា និង ឈ្មោះ នួន សំរិទ្ឋ ហៅ ម៉ាប់ អាយុ២៧ឆ្នាំ ជាជនដៃដល់ ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត ពីបទឃាតកម្មគិត ទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។
ផ្តន្ទាទោសឈ្មោះ ពៅ ប៊ុនធឿន អាយុ២៣ឆ្នាំ ជាអតីតប្រធានសហគមន៍អណ្តូង៦ និងឈ្មោះ អេង ដាលីន ជាអ្នកសមគំនិត ដាក់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ ពីបទសមគំនិតក្នុងអំពើឃាតកម្ម គិតទុកជាមុន តាមមាត្រា២៩និង២០០ នៃក្រមព្រហ្មទណ្ឌ។ ក្រុមជនជាប់ចោទត្រូវសងសំណងជម្ងឺចិត្តដល់ ក្រុមគ្រួសារជនរងគ្រោះរាប់លានរៀល ផងដែរ ។
មន្ដ្រីនគរបាលមូលដ្ឋានខណ្ឌសែនសុខ បានបង្ហើបថា មូលហេតុដែលចៅសង្កាត់គោករកា បានជួលឃាតករ គប់គ្រាប់បែកប៉ងសម្លាប់មួយគ្រួសារនោះ ដោយសារតែលោក ភី ណុប ច្រណែននិងជនរងគ្រោះ ដែលគ្រោងឈរឈ្មោះ ជាចៅសង្កាត់ ហើយពាក់ព័ន្ធទៅនឹងជម្លោះការរកស៊ីក្នុងមុខជំនួញដីធ្លីផងដែរ។ ប៉ូលិសបន្តថា ចៅសង្កាត់គោករកា លោក ភី ណុប បានសន្យាថា នឹងឲ្យលុយឃាតករ ចំនួន ១ម៉ឺនដុល្លារ បើធ្វើកិច្ចការនេះ បានសម្រេច។ ប៉ុន្ដែពេលធ្វើសកម្មភាព មិនចំគោលដៅ ហើយជនរងគ្រោះ មិនស្លាប់នោះ មេខ្លោងបានត្រឹមផ្ដល់លុយចំនួន៥០០០ដុល្លារប៉ុណ្ណោះ៕