Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា មានសប្បុរសជន ២៥៨ ៨៤៦នាក់ បរិច្ចាគគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»» ឆ្នាំ២០២៥ ទទួលបានថវិកាជិត ៥លានដុល្លារ

17-06-2025 11:03

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ មានសប្បុរសជនចំនួន ២៥៨ ៨៤៦ នាក់ បានចូលរួមបរិច្ចាគ ដើម្បីគាំទ្រយុទ្ធនាការ ««១ម៉ឺនរៀល ១ម៉ឺននាក់»» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយទទួលបានថវិកាសមមូលនឹងប្រាក់ដុល្លារចំនួន ៤ ៨០១ ៨៦៣ដុល្លារអាម៉េរិក។

ការបង្ហាញតួលេខនេះ ធ្វើឡើងនៅរសៀលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាស លោកជំទាវបណ្ឌិត បានផ្ដល់កិត្តិយសជួបសំណេះសំណាលជាមួយបុគ្គលមានប្រជាប្រិយ និងតំណាងអង្គភាពសារព័ត៌មាននានា ដែលបានគាំទ្រ និងចូលរួមផ្សព្វផ្សាយ អំពីមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសផ្សព្វផ្សាយអំពីយុទ្ធនាការ ««១ម៉ឺនរៀល ១ម៉ឺននាក់»» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជានាពេលកន្លងមក ក៏ដូចជានៅពេលខាងមុខ។

លោកជំទាវបណ្ឌិត ប្រធានកិត្តិយសបានបញ្ជាក់ថា ការចូលរួមផ្សព្វផ្សាយរបស់បុគ្គលមានប្រជាប្រិយ និងអង្គភាពសារព័ត៌មាន ពិតជាមានសារៈសំខាន់ ក្នុងការធ្វើឱ្យយុទ្ធនាការ ««១ម៉ឺនរៀល ១ម៉ឺននាក់»» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគពីសប្បុរសជនកាន់តែច្រើន និងគ្រប់ទិសទី ក្នុងស្មារតី ««ខ្មែរជួយខ្មែរ»» ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញញឹមដល់ទារក និងកុមារនៅកម្ពុជា។

លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណ និងសូមកោតសរសើរអស់ពីចិត្ត ដល់ក្រុមបុគ្គលដែលមានប្រជាប្រិយភាព និងអង្គភាពសារព័ត៌មាន ក៏ដូចជាអ្នកបង្កើតមាតិកាផ្សេងៗទៀត ដែលជួយផ្សព្វផ្សាយ និងបានស្នើសុំបន្តចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ។

លោកជំទាវបណ្ឌិតក៏ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមប្រតិបត្តិករនៃមូលនិធិគន្ធបុប្ផាកម្ពុជាទាំងអស់ ដែលបានបង្កើតនូវសកម្មភាពថ្មីៗ ក្នុងការកៀរគររកមូលនិធិ ដែលទាំងអស់នេះជាគុណបុណ្យដ៏ធំសម្រាប់យើងទាំងអស់គ្នា ដែលនេះបានបង្ហាញឱ្យឃើញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការសង្គ្រោះជីវិតទារក និងកុមារ ដែលជាអនាគតរបស់ប្រទេសជាតិយើង៕