(ភ្នំពេញ)៖ ទូក «ង» របស់សាលារាជធានីភ្នំពេញ ចំនួន៤៤ទូក ស្មើ២២គូ កំពុងអុំសាកល្បងនៅមាត់ទន្លេចតុមុខ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ពិធីអុំសាកល្បងនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ការអុំទូកសាកល្បងនេះ បានធ្វើឡើង ដើម្បីត្រៀមចូលរួមប្រកួតការប្រណាំង នៅថ្ងៃបុណ្យអុំទូកនាពេលខាងមុខនេះ ពោលគឺនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
គួរបញ្ជាក់ថា នៅព្រឹកមិញ ទូក ង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានឈ្មោះថារស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ ពេលសណ្តោងមកប្រណាំងសាកល្បង ស្រាប់តែបុកជាមួយទូកទេសចរណ៍ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង បណ្តាលឲ្យលិចហើយកីឡាករ ដែលនៅលើទូកនោះមានចំនួន៩នាក់ ហើយបាត់ខ្លួន២នាក់។
រហូតមកដល់ពេលនេះ ជនរងគ្រោះ ដែលជាកីឡាករអុំទូក ២នាក់ នៅមិនទាន់រកឃើញនៅឡើយទេ ខណ:ដែលកម្លាំងសមត្ថកិច្ចជាច្រើន បាននិងកំពុងចេញប្រតិបត្តិការស្វែងរក៕