សម្តេចតេជោ ហ៊ុន សែន៖ «ការចរចា និងការអនុវត្តច្បាប់អន្តរជាតិ គឺជាជម្រើសសន្តិភាព» (Video inside)
16-06-2025 11:38
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថាប្រសិនជាភាគីទាំងពីរមិនអាចរកចំណុចចុះសម្រុងគ្នាបានទេ ជម្រើសរបស់កម្ពុជាគឺសន្ដិភាព តាមរយៈការការចរចា និងការអនុវត្តច្បាប់អន្តរជាតិ។
ការថ្លែងបែបនេះរបស់សម្ដេចប្រធានព្រឹទ្ធសភា បានធ្វើឡើងនៅក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។
សម្ដេចប្រធានព្រឺទ្ធសភា បានថ្លែងថាបញ្ហាតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី) មិនអាចយកមកជជែកគ្នាបាននោះទេ គឺត្រូវរង់ចាំការដោះស្រាយពីតុលាការយុត្តិធម៌អន្តរជាតិ ICJ។
ការណ៍នេះ សម្ដេចបានមានប្រសាសន៍បន្តថា «ប្រសិនជាភាគីទាំងពីរ មិនអាចរកចំណុចចុះសម្រុងគ្នាបានទេ ជម្រើសរបស់យើងត្រូវយកជម្រើសសន្តិភាព និងជម្រើសនៃការអនុវត្តច្បាប់អន្តរជាតិ។ ទាំងពីរហ្នឹង សុទ្ធតែសន្តិភាពទាំងអស់ យន្តការទ្វេភាគីនៃការចរចារក៏សន្តិភាព, យន្តការចូលទៅក្នុងតុលាការក៏សន្តិភាព មិនមែនបានសេចក្ដីការបញ្ជូនសំណុំរឿង ទៅកាន់តុលាការអន្តរជាតិ គឺជាការបង្កសង្គ្រាម ឬបង្កើតសង្គ្រាមទេ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ប៉ុន្មានថ្ងៃមកនេះ បានបញ្ជាក់ច្បាស់លាស់គ្រប់គ្រាន់ហើយថា ភាគីថៃចង់ធ្វើសង្គ្រាម តែយើងជ្រើសយកសន្តិភាពតាមរយៈបញ្ជូនសំណុំរឿងទៅតុលាការ ICJ។
«កម្ពុជា មិនមែនខ្វះអាវុធ ឬខ្វះកម្លាំងដើម្បីវៃគ្នាទេ តែកម្ពុជាមិនចង់វៃគ្នាទេ កម្ពុជាបញ្ជាក់ពីឆន្ទៈរបស់ខ្លួន ខ្លួនមានកម្លាំងទប់ទល់ជាមួយហ្នឹង យថាហេតុទាំងអស់ ប៉ុន្តែខ្លួនមិនចង់វៃអ្នកណាទាំងអស់ ត្រឹមតែការពារទឹកដីរបស់ខ្លួន។ ព្រំដែនជាង៨០០គីឡូម៉ែត្រ ប៉ុន្តែតំបន់បួននេះ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី គឺមិនអាចរកការស្រុះស្រួលគ្នាបានទេ»។ បើតាមការបញ្ជាក់គោលជំហរកម្ពុជា ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕