(ភ្នំពេញ)៖ កងទ័ពកម្ពុជា-ចិន ជាង ២ពាន់នាក់គ្រោងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាទ្រង់ទ្រាយធំមួយនៅចុងឆ្នាំ២០១៦នេះ ក្នុងបំណងចែករំលែកបទពិសោធន៍ និងពង្រឹងសមត្ថភាពកងទ័ពប្រទេសទាំងពីរ ជាពិសេសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
លំហាត់ហ្វឹកហ្វឺន ដែលធ្វើឡើងរួមគ្នារវាងកងទ័ពកម្ពុជា-ចិននេះមានឈ្មោះថា «នាគមាស២០១៦ (Dragon Gold 2016)» ហើយនឹងត្រូវធ្វើឡើងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចប្រជុំស្តីពីការរៀបចំលំហាត់ហ្វឹកហ្វឺននាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទបានឲ្យដឹងថា លំហាត់ហ្វឹកហ្វឺននេះ ធ្វើឡើងក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ចិន ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការមនុស្សធម៌ ការជួយសង្រ្គោះក្នុងគ្រោះមហន្តរាយ ការប្រឆាំងអំពើភេរវកម្ម និងការរក្សាសន្តិភាពក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងលំហាត់ហ្វឹកហ្វឺននេះ នឹងមានការហ្វឹកហ្វឺនពីការជួសជុលផ្លូវ រាវមីន កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ តម្លើងស្ពាន ការជួយសង្រ្គោះលើផ្ទៃទឹក ការពន្លត់អគ្គិភ័យ និងការសង់ជម្រកជូនជនរងគ្រោះជាដើម៕