(កំពង់ធំ)៖ បទល្មើសដឹកជញ្ជូនឈើក្រញូង ហាក់បីដូចជាកំរើកសារជាថ្មី បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈកន្លងមកនេះ ដោយសារតែមានចំណាត់ការដាច់ខាត និងជាបទបញ្ជារបស់រាជរដ្ឋាភិបាល។
ជាក់ស្តែងរថយន្តចំនួន២គ្រឿង ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បង្រ្កាបបានក្រោមការបញ្ជានិងដឹកនាំផ្ទាល់របស់លោក អិុត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ នៅវេលាម៉ោង៤៖៣០នាទីទាបភ្លឺឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណ:ដែលកំពុងដឹក ចេញពីខេត្តព្រះវិហារ បម្រុងឆ្លងកាត់ខេត្តកំពង់ធំ នៅចំណុចភូមិ ស្រែនិង ភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
ប៉ុន្តែមានករណីហួសចិត្តមួយបានកើតឡើង ដោយសារតែនៅពេលកម្លាំងសមត្ថកិច្ចចំរុះ កំពុងប្រតិបត្តិការចុះបង្ក្រាបរថយន្តទាំង២គ្រឿងនេះ ស្រាប់តែមានមន្រ្តីអាវុធហត្ថក្រុងស្ទឹងសែនម្នាក់ ឈ្មោះ ខា សុគន្ធ មានតួនាទី ជាមេបញ្ជាការរង ក្រុងស្ទឹងសែន ពាក់ស័ក្តិ៣បានតេទៅបញ្ជានិងគំរាម ឲ្យកម្លាំងប្រតិបត្តិការត្រូវដោះលែងរថយន្ត និងមនុស្សទាំង២នាក់ភ្លាម។ ប៉ុន្តែព្រះរាជអាជ្ញា បានបញ្ជាដាច់ខាតត្រូវចាប់ខ្លួន និងចាត់វិធានការតាមច្បាប់យ៉ាងតឹងរឹងបំផុត។
លោក អ៉ិត សុធា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានការលបលួចដឹកឈើគ្រញូង ទើបលោកបញ្ជាឲ្យត្រៀមកំលាំង ស្ទាក់ចាប់នៅចំនុចខាងលើ លុះរថយន្តមកដល់ចំណុចខាងលើ ក៏បានសុំត្រួតពិនិត្យទើបបានប្រទះឃើញ មានឈើគ្រញូងនៅក្នុងរថយន្ត ហើយក៏ឈានដល់ការឃាត់ខ្លួនមនុស្ស២នាក់ និងរថយន្ដការីហើម២គ្រឿងពណ៍ខ្មៅ។
ក្រោយពីធ្វើការវាស់វែងរួចមានឈើគ្រញូងសរុបមានចំនួន៨៣ដុំស្មើនិង១៩១គីឡូក្រាម ព្រមទាំងឈើនាងនួន២ដុំផងដែរក្នុងនោះ រថយន្ដទី១ ពាក់ផ្លាកលេខ ភ្នំពេញ 2E-0737 បើកបរដោយជនល្មើសឈ្មោះ ខេង សំភ័ស្ស អាយុ២៧ឆ្នាំ រស់នៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ និងរថយន្ដទី២ ពាក់ផ្លាកលេខបន្ទាយមានជ័យ 2A-3219 បើកបរដោយជនល្មើសឈ្មោះ លី ថៃ អាយុ៤៣ឆ្នាំ រស់នៅភូមិ កំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក តុង យី នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃនេះថា វត្ថុតាងមានឈើ និងរថយន្តចំនួន២គ្រឿង ត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ចំណែកម្ចាស់រថយន្ត ត្រូវបានធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់៕