(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា ការសិក្សារៀនសូត្រ ត្រូវតែលះបង់ពេលវេលា ដើម្បីឲ្យមានជំនាញ និងចំណេះពិតប្រាកដ ដើម្បីយកទៅអនុវត្តក្នុងអង្គភាពរបស់ខ្លួន។ លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញឌីជីថល សម្រាប់កិច្ចការងាររដ្ឋបាលជូនមន្ត្រីរាជការនៃរដ្ឋបាលខេត្ត/ក្រុង/ស្រុក និងឃុំសង្កាត់នៃខេត្តកំពង់ធំ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។

លោកបន្តថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់គោលដៅ នៃបណ្ដុះបណ្ដាលកម្មវិធី១.៥លាននាក់ គឺរៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ។ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងជូនដល់មន្ត្រី រាជការមកពីរដ្ឋបាលខេត្ត/ស្រុក/ឃុំ របស់រដ្ឋបាលខេត្តកំពង់ធំ លើជំនាញឌីជីថលដែលជាតម្រូវការចាំបាច់សម្រាប់ ពន្លឿនកិច្ចការរដ្ឋបាលប្រចាំថ្ងៃ និងអាចឲ្យមន្ត្រីរាជការបំពេញកិច្ចការរបស់ខ្លួន ប្រកបដោយសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសចូលរួមកសាងមូលធនមនុស្សឌីជីថល នៅក្នុងវិស័យសាធារណៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក នួន ផារ័ត្ន បានជំរុញ និងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ សូមសិក្សារៀនសូត្រមានជំនាញចំណេះហើយ យកទៅប្រើប្រាស់ក្នុងអង្គភាពរបស់ខ្លួនប្រកបដោយភាពជោគជ័យ។ ក្រោយពីសិក្សារៀនសូត្រចប់ ត្រូវផ្សព្វផ្សាយបន្ថែមដល់មន្ត្រីដែលពុំបានមកសិក្សារៀនសូត្រនេះ ឲ្យគាត់មានចំណេះជំនាញ និងបទពិសោធន៍បន្ថែមទៀត ក្នុងការធ្វើការងារបានរហ័សទាន់ពេលវេលា និងមានភាពត្រឹមត្រូវផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤២ម៉ោង ដោយប្រើប្រាស់វិធីសាស្ត្របែបចម្រុះ (ម៉ោងទ្រឹស្តី សិក្សា តាមរយៈអនឡាញ និងស្វ័យសិក្សានៅក្នុងប្រព័ន្ធអនឡាញ របស់បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងម៉ោងអនុវត្តសិក្សាផ្ទាល់នៅខេត្តកំពង់ធំ) ដោយមាន ៧មុខវិជ្ជាដូចជា÷ កុំព្យូទ័រចាំបាច់ (CE) អនឡាញចាំបាច់ (DE) សន្តិសុខសាយប័រ និងឯកជនភាព (CP) កម្មវិធីបង្កើតឯកសាររដ្ឋបាល (WP) កម្មវិធីបង្កើកសៀវភៅបញ្ជី (SS) បង្កើតមាតិកានីជីថលសម្រាប់ការធ្វើបង្ហាញ (DC) គោលនយោបាយឌីជីថល (DP)៕