(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានដឹកនាំមន្រ្តីក្រោមឱវាទ និងអភិបាលខណ្ឌទូទាំងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ចូលរួមនៅក្នុងពិធីក្រុងពាលី សុំសេចក្តីសុខ នៅក្នុងពិធីបុណ្យអុំទូកនា ថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកាខាងមុខនេះ។
ពិធីក្រុងពាលីនេះ បានរៀបចំធ្វើនៅរមណីយដ្ឋានវត្តភ្នំ ដោយមានការរៀបចំជាពិធីបុណ្យតាមប្រពៃណី ក្នុងគោលបំណងសុំសេចក្តីសុខ នៅក្នុងពិធីបុណ្យអុំទូក និងដើម្បីឲ្យកីឡាករអុំទូកដែលចូលរួមប្រកួតទាំងអស់ មានតែសុខសុវត្ថិភាព មុននឹងទំលាក់ទូកទាំង៤០ទូក របស់រាជធានីភ្នំពេញ ចូលទឹកដើម្បីអុំប្រកួតប្រជែងនៅពេលឆាប់ៗខាងមុខនេះ។
លោកប៉ា សុជាតិវង្ស បានឲ្យដឹងទៀតថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានមហាជនចូលរួមប្រមាណ២លាននាក់ មកពីបណ្តាខេត្តចូលកម្សាន្តនៅភ្នំពេញ ដោយសារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានការរីចម្រើន មធ្យោបាយធ្វើដំណើរច្រើនសំបូរបែប ប្រពន្ធ័គមនាគមន៏ត្រូវបានជួសជុល និងធ្វើថ្មីបានស្អាតតភ្ជាប់ពីទីជនបទ ទៅទីប្រជុំជនក្នុងខេត្ត និងតភ្ជាប់ពីខេត្តទៅរាជធានីភ្នំពេញ ម្យ៉ាងទៀតដោយដារស្ថេរភាពនយោបាយនៅក្នុងប្រទេសល្អប្រសើរទៀតនោះ ធ្វើឲ្យប្រជាពលរដ្ឋនឹងមកលេងភ្នំពេញច្រើន។
លោក បានបញ្ជាក់ថា ដោយសារមានការសន្និដ្ឋានបែបនេះបានធ្វើឲ្យអាជ្ញាធរគ្រប់ស្ថាប័នដែលពាក់ពន្ធ័ បានត្រៀមរៀបចំផែនការលើសពីឆ្នាំមុនៗ ជាក់ស្តែងឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកំលាំងជាង១ម៉ឺននាក់ ដើម្បីត្រៀមរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
ចំណែកឯផ្នែកសុខាភិបាលក៏មានការត្រៀមក្រុមគ្រូពេទ្យជិត៩០០នាក់ និងរថយន្តសង្គ្រោះ១៥គ្រឿង ត្រៀមចាំជួយសង្គ្រោះប្រជាពលរដ្ឋ ដែលចូលរួមក្នុងព្រះរាជពិធីនេះផងដែរ។
គួរបញ្ជាក់ថា នៅក្នុងឱកាសបុណ្យអុំទូកនា ថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកាខាងមុខនេះ មានទូ ង ចូលរួមប្រណាំង សរុបចំនួន២៥៩ទូក(ទូកពិសេស៧៦) ក្នុងនោះមាន ទូកអុំ ១៧០ទូក (ទូកនារី១ទូក) ទូកចែវ២៦ទូក (ទូកចែវនារី២ទូក) និងទូកខ្នាតអន្តរជាតិ៦៣ទូក។ ចំណែកកម្លាំងអុំនិងចែវ មានចំនួន ១៤ ៦៣០នាក់ (នារី១៦០នាក់) និងកម្លាំងត្រៀម ៣១៦៣នាក់ នារី ៤៤នាក់) រីឯប្រទីបមានចំនួន១៣៕