(ភ្នំពេញ)៖ ជនដែលបង្កើត និងអ្នកប្រើឈ្មោះ Account Facebook ព្រមទាំងរូបថតអ្នកឧកញ៉ា គិត ម៉េង ក្លែងក្លាយ នៅពេលនេះបានប្រកាសបិទដោយ ខ្លួនឯងអស់ហើយ នេះបើយោងតាមលោក ហ៊ុយ វណ្ណៈ ទីប្រឹក្សាស្ថានីយ៍ទូរទស្សន៍ CTN និង CNC បានឲ្យដឹងយ៉ាងដូច្នេះ។
លោក ហ៊ុយ វណ្ណៈ បានថ្លែងបន្ថែមឲ្យដឹងថា «ការដឹងខ្លួនដោយទង្វើបែបនេះជាការល្អ ដែលមិនបណ្តាលឱ្យខូចខាតឈឺចាប់ទេ»។
កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា អង្គភាពព័ត៌មាន Fresh News បានផ្សព្វផ្សាយថា អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group មិនមានគណនី Facebook ផ្លូវការនោះទេ ហើយអ្នកឧកញ៉ា គ្រោងនឹងស្នើទៅក្រុមហ៊ុន Facebook ដើម្បីបិទគណនីក្លែងក្លាយ ដែលប្រើប្រាស់ឈ្មោះ របស់គាត់ ដើរបោកបញ្ឆោតមហាជន។ លោក ហ៊ុយ វណ្ណៈ ដែលគេដឹងថាជាមនុស្សជំនិតរបស់ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ថា «មានគេបង្កើត Account Facebook យ៉ាងហោចចំនួន៤ ដោយយកឈ្មោះ និងរូបថតអ្នកឧកញ៉ា គិត ម៉េង ឬ ដាក់ថា Kith Meng ឬ Kith meng។ អ្នកឧកញ៉ា គិត ម៉េង គ្មានគណនី Facebook ផ្ទាល់ខ្លួនទេ ហើយគាត់ក៏មិនប្រើ Facebook ដែរ»។
ប៉ុន្តែនៅពេលនេះគណនី Facebook ដែលប្រើឈ្មោះ និងរូបថត អ្នកឧកញ៉ា គិត ម៉េង ទាំងនោះត្រូវបានបិទអស់ហើយ បន្ទាប់ពីរងការព្រមាន។
សូមបញ្ជាក់ថា កាលពីម្សិលមិញ ជនសង្ស័យ២នាក់ ដែលបានក្លែង Facebook ដោយប្រើឈ្មោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងក្លែងក្លាយ លិខិតសាធារណៈ ត្រូវបានកម្លាំងនគរបាលបង្ហាញមុខជាសាធារណៈ នៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បន្ទាប់ពីត្រូវចាប់ខ្លួន។ ជនសង្ស័យទាំង២នាក់ ត្រូវបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីតុលាការ។
ជនសង្ស័យ២នាក់នោះទី១៖ មានឈ្មោះ ឈួន សារុន អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិដីក្រហម ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នជាបុគ្គលិក នៅស្ថាប័ន មីក្រូហិរញ្ញវត្ថុ «បំណងប្រាថ្នា» ត្រូវបានចាប់ខ្លួននៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ និងជនសង្ស័យទី២ ឈ្មោះ សួន ចាន់រតនៈ អាយុ២៤ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចបានអំពាវនាវឱ្យអ្នកប្រើប្រាស់ Facebook ទាំងអស់គោរពច្បាប់ ហើយជៀសវាងការប្រើប្រាស់ឈ្មោះមន្រ្តីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ឬអ្នកដទៃ ដោយមិនមានការអនុញ្ញាតពីសាមីខ្លួន ដែលនាំឱ្យប្រឈមចំពោះមុខច្បាប់។ ជាពិសេសទៀតនោះ សូមជៀសវាងការជេរប្រមាថ អសុរស ប្រើប្រាស់ពាក្យអសីលធម៌ នៅលើបណ្តេញសង្គម ដែលប៉ះពាល់ដល់កត្តិយសអ្នកដ៏ទៃ៕