Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំបណ្ដាប្រទេសនៅប៉ែកអឺរ៉ុប អញ្ជើញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ច (Video inside)

12-06-2025 11:42

(ភ្នំពេញ)៖ ដ្បិតកម្ពុជា កំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ពិតមែន ប៉ុន្ដែកិត្យានុភាពរបស់កម្ពុជាត្រូវបានគេផ្ដល់តម្លៃខ្ពស់នៅលើឆាកអន្ដរជាតិ។ ការផ្ដល់តម្លៃខ្ពស់ដល់ជាតិ និងមេដឹកនាំរបស់កម្ពុជា បានស្ដែងឡើងតាមរយៈការអញ្ជើញដោយផ្ទាល់ពីសំណាក់មេដឹកនាំប្រទេសអឺរ៉ុបទាំងនោះ មកកាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសរបស់គេ។

ពេលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងនីស ប្រទេសបារាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លៀតជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយបណ្ដាមេដឹកនាំ បណ្ដាប្រទេសនៅប៉ែកអឺរ៉ុបមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត សំដៅបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន។

មេដឹកនាំបណ្ដាប្រទេសដែលបានអញ្ជើញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនោះរួមមាន៖ លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោក Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាហ្ស៉ីគីស្ថាន។

ឆ្លើយតបចំពោះការអញ្ជើញនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសោមនស្សរីករាយ និងទទួលយកនូវការអញ្ជើញ ដោយបញ្ជាក់អំពីការពិនិត្យលទ្ធភាព និងរកពេលវេលាសមស្របណាមួយ ដែលសម្ដេចនឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា មុនបញ្ចប់ជំនួបសម្ដែងការគួរសម លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានអញ្ជើញសម្ដេចធិបតី ទៅបំពេញទស្សនកិច្ចស្ថាប័នសហភាពអឺរ៉ុប នាទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីកាលានុវត្តភាពថ្មីៗ សំដៅពង្រឹង និងពង្រីកទំនាក់ទំនង សហភាពអឺរ៉ុប និងកម្ពុជា ហើយសម្ដេចធិបតី បានសម្តែងការរីករាយក្នុងការទទួលយកការអញ្ជើញនេះ។

សម្រាប់ក្នុងជំនួបជាមួយ លោក Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាហ្ស៉ីគីស្ថាន មុននឹងបញ្ចប់លោកប្រធានាធិប​តី បានអញ្ជើញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតាហ្ស៉ីគីស្ថាន ហើយសម្តេចធិបតី បានទទួលយកការអញ្ជើញដោយក្តីរីករាយផងដែរ៕