(ភ្នំពេញ)៖ របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ចុងក្រោយថា ឃាតកម្មបាញ់សម្លាប់គ្នារវាងកូនទាហាន និងមេទាហាន និងនារីកំណាន់ចិត្ត សុទ្ធតែជាអ្នកធ្វើការនៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ពិតជាផ្តើមចេញគំនុំស្នេហ៍ត្រីកោណមិនមែនជាបញ្ហាអ្វីផ្សេងនោះឡើយ។ កម្សួលភ្លើងដែលដុតឲ្យគំនុំកាន់តែខ្លាំងរហូតគិតខ្លីបាញ់សម្លាប់គ្នា បែបនេះ បន្ទាប់ពីនារីកំណាន់ចិត្តបដិសេធឈប់រៀបការ ក្រោយពេលមានទំនាក់ទំនងស្នេហ៍ថ្មីជាមួយលោកផ្កាយ។
របាយការណ៍សមត្ថកិច្ច បានបញ្ជាក់ថា បុរសជាជនដៃដល់មានឈ្មោះ សែម រដ្ឋា អាយុ ៣២ឆ្នាំ ជាមន្រ្តីកងការពារមន្ត្រី នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និង កាកសំណល់សង្គ្រាម មានឋានន្តរស័ក្តិវរសេនីយ៍ឯក ស្នាក់នៅភូមិអូចារ ឃុំអន្លង់វែង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ដោយឡែកជនរងគ្រោះជនរងគ្រោះ ដែលត្រូវលោក សែម រដ្ឋា បាញ់សម្លាប់នោះមានឈ្មោះ អ៊ុំ សុភា អាយុ ៣៦ឆ្នាំ មានឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ជាប្រធាននាយកដ្ឋានជំនាញគ្រប់គ្រងធនធានមនុស្ស និងបណ្តុះបណ្តាលឋានៈ ឧត្តមសេនីយ៍ទោនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និង កាកសំណល់សង្គ្រាម មានលំនៅឋានផ្ទះលេខ៨៧ ផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូទីពីរ ខណ្ឌទួលគោក។
រីឯនារីកំណាន់ចិត្ត ដែលត្រូវ សែម រដ្ឋា បាញ់សម្លាប់ដែរនោះ មានឈ្មោះ សេង ម៉ាលីណា អាយុ ៣៥ឆ្នាំ ឋានន្តរស័ក្តិអនុសេនីយ៍ទោ ជាមន្ត្រីនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម មានលំនៅឋានផ្ទះលេខ២១៤ ផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ។
របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា លោកវរសេនីយ៍ឯក សែម រដ្ឋា និងកញ្ញា សេង ម៉ាលី ធ្លាប់បានមានទំនាក់ទំនងស្នេហាជា មួយគ្នាហើយក៏ធ្លាប់បានព្រមព្រៀងរៀបការជាមួយគ្នាផងដែរ។ តែក្រោយមកទំនាក់ទំនស្នេហានេះ បានឈានដល់ភាពល្អក់កករ ដែលភាពល្អក់កករត្រូវបានអះអាងថា បន្ទាប់ពីកញ្ញា សេង ម៉ាលី បានមានទំនាក់ទំនងស្នេហ៍ថ្មីជាមួយលោកឧត្តមសេនីយ៍ទោ អ៊ុំ សុភា។
ក្នុងរបាយការណ៍បន្តថា ទន្ទឹមនឹងចំណងស្នេហ៍ប្រែល្អកកករក្រោយបានបុរសឧត្តមសេនីយ៍ទោនោះ កញ្ញា សេង ម៉ាលី ក៏ប្រែចិត្តបង្វៀងបេះដូងពី គូស្នេហ៍ចាស់ឋានៈត្រឹមវរសេនីយ៍ឯក ប្រកែកឈប់រៀបការផងដែរ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ព្រោះតែសម្រែកប្រកែកផ្តាច់ចំណងស្នេហ៍ និងបដិសេធការក្រាបផ្ទឹមនេះហើយ ដែលធ្វើឲ្យវរសេនីយ៍ ឯក សែម រដ្ឋា ផ្ទុះកញ្ច្រោលភ្លើងកំហឹងរហូតដល់ ឈានដល់ការបាញ់សម្លាប់គ្រប់ភាគីពាក់ព័ន្ធ នៃស្នេហ៍តែម្តង។
បើតាមការរៀបរាប់របស់សមត្ថកិច្ចនៅវេលាម៉ោងប្រមាណ ៨៖៤៥នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ជនបង្កបានជួបជនរងគ្រោះឧត្តមសេនីយ៍ ទោ អ៊ុំ សុភា នៅកន្លែងធ្វើការជាន់ទីពីរ ហើយក៏ដកកាំភ្លើងបាញ់បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បន្ទាប់មកជនបង្ក បានរត់ឡើងទៅជាន់ទី៥ ចូលបន្ទប់អតីតនារីកំណាន់ចិត្ត កញ្ញា សេង ម៉ាលីណា ហើយបាញ់ជនរងគ្រោះរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូន ដល់មន្ទីរពេទ្យ។
ក្រោយពេលបាញ់សម្លាប់បុរសដៃគូជែងស្នេហ៍ និងនារីកំណាន់ចិត្តហើយនោះ បុរសដែលងុបងុលនិងស្នេហ៍ សែម រដ្ឋា ក៏បានបាញ់សម្លាប់ខ្លួនឯកតាមក្រោយ នៅក្នុងបន្ទប់របស់កញ្ញា សេង ម៉ាលីណា ផងដែរ។
បើទោះបីពួកគេស្លាប់ក្រោមដំបូលអគារបម្រើការងារតែមួយយ៉ាងណាក្តី តែសពរបស់ជនរងគ្រោះ ព្រោះភ្លើងស្នេហាដ៏ជ្រាលជ្រៅនេះ មិនបានធ្វើបុណ្យរួមគ្នានោះឡើយ គឺត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅលំនៅឋានរៀងៗខ្លួនតាមប្រពៃណីព្រះពុទ្ធសាសនា។
ប្រជាពលរដ្ឋ និងមិត្តភក្តិជាច្រើនរបស់ជនរងគ្រោះ បាននាំបន្ទោសលើព្រហ្មលិខិត និងជោគវាសនា បង្កើតឲ្យពួកគេមានចាប់កំណើតលើ ផែនពសុធាដ៏ធំធេង តែបែរជាមកចង្អៀតចង្អល់ចិត្តក្នុងអម្រែកស្នេហ៍ បាញ់សម្លាប់គ្នាគ្មានស្តាយស្រណោះ ទុកឲ្យមនុស្សជាច្រើនជាសាច់ ញាតិកើតក្តីវិយោគសោកសង្រេង៕
លោកឧត្តមសេនីយ៍ទោ អ៊ុំ សុភា
លោកវរសេនីយ៍ឯក សែម រដ្ឋា