(ភ្នំពេញ)៖ រូបថតរថយន្តភិកអាប់ចំនួន៣សន្លឹកត្រូវបានគេថតបង្ហោះពេញហ្វេសប៊ុក។ ក្នុងនោះម្ចាស់ អាក់ខោនហ្វេសប៊ុក ដែលជាអ្នកបង្ហោះបានសរសេរមានន័យថា «កាដុមឆែប!!! ក្រសួងសាធារណការ និងដឹកជញ្ជួន ចេញស្លាកលេខថ្មី សម្រាប់សំគាល់ យានយន្ត?? ចាំរកសុំគេប្រើស្លាកលេខ "ចំការតារិន្ទ" ហើយដាក់សារ៉ែនចឹងដែរមើល វាអស់ប៉ុន្មានប្រាក់ចុះ!!!»។
រឿងដែលម្ចាស់ហ្វេសប៊ុកចង់និយាយនោះគឺរថយន្តខាងលើ គេឃើញមានសរសេរអក្សរនៅជញ្ជាំងចំហៀងដាក់ថា «ប្រជាការពារសង្កាត់ប៉ោយប៉ែត» និងពាក់ស្លាកលេខទាំងខាងមុខនិងខាងក្រោយមានផ្ទៃពណ៌ខៀវខ្ចី មានសរសេរអក្សរថា «រដ្ឋបាលក្រុងប៉ោយប៉ែត សក ប៉ប៉០០.០១»។
តាមពិតរថយន្តបំរើការងារអោយអង្គភាពណាមួយ គេមានសិទ្ធិសរសេរឈ្មោះអង្គភាពដើម្បីសំគាល់ហើយក៏ មានភាពងាយស្រួលអោយគេស្គាល់ និងចំណាំផងដែរ កុំថាឡើយអង្គភាពរដ្ឋ សូម្បីតែក្រុមហ៊ុនឯកជនក៏គេមាន សិទ្ធិដូចគ្នា លើកលែងតែខ្លឹមសារណាដែលច្បាប់ហាមឃាត់។ ប៉ុន្តែចំពោះស្លាកលេខសំគាល់យានយន្តវិញ គេមិនអាចចេះតែពាក់ឬសរសេរបិទស្រេចនឹងចិត្តបាននោះទេ គឺទាល់តែមានការទទួលស្គាល់ និងចេញដោយ អង្គភាពជំនាញគឺមន្ទីរសាធារណការ ទើបជាស្លាកលេខស្របច្បាប់។ ប៉ុន្តែស្លាកលេខដែលបំពាក់នៅលើរថយន្តខាងលើនេះ មិនដឹងចេញដោយស្ថាប័នណានោះទេ ទំនងសរសេរបំពាក់ខ្លួនឯងតែម្ដងមើលទៅ។
គេថាបើជាស្លាកលេខសរសេរបិទខ្លួនឯងដោយខុសច្បាប់ដូច្នេះមែន អាជ្ញាធរ សមត្ថកិច្ចខាងលើបាននាំគ្នាធ្វើ ដើម្បីលើកទឹកចិត្តអោយប្រជាពលរដ្ឋចូលរួមប្រព្រឹត្តល្មើសច្បាប់តាមពួកខ្លួនហើយ។ មន្ត្រីៗល្មមបញ្ចប់នូវវប្បធម៌អនាធិបតេយ្យហើយ កុំអោយរាស្ត្រយកគំរូតាមអី៕