(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល និង វគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងធនធានមនុស្ស ដល់មន្រ្តីនគរបាល ១៤៣រូបនៅបណ្ឌិត្យសភានគរ បាលកម្ពុជា។
នាយឧត្តមសេនីយ៍ សេង ផល្លី បានថ្លែងថា វគ្គបណ្តុះបណ្តាលទាំងអស់នៅបណ្ឌិត្យសភានគរបាលកម្ពុជា សុទ្ធតែមានសារសំខាន់ មានគោលបំណងច្បាស់លាស់ និងចំណាយថវិកាជាតិជាច្រើន។ លោកបន្តថា វគ្គបណ្តុះបណ្តាលនីមួយៗ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព ពោលគឺនិស្សិត-សិក្ខាកាមទាំងអស់ ត្រូវរៀនឱ្យចេះ មិនមែនគ្រាន់តែរៀនឱ្យចប់នោះទេ។
លោកបានថ្លែងដូច្នេះ «យើងកំពុងតែជំរុញឲ្យមានការការផ្លាស់ប្តូរវប្បធម៌ និងផ្នត់គំនិតថ្មី ពោលគឺអ្នកដែលបានមករៀន គឺជាអ្នកដែលមានឱកាសក្លាយជាអ្នកដឹកនាំ ជាមន្ដ្រីនគរបាល ដែលមានសមត្ថភាព ក្រមសីលធម៌ និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ស័ក្ដិសមជាមន្ដ្រីនគរបាលអាជីព មិនមែនជាអ្នកដែលគេមិនប្រើប្រាស់នោះទេ»។
នាយឧត្តមសេនីយ៍ សេង ផល្លី បានថ្លែងរំលឹកដល់សិក្ខាកាមផងដែរ គុណភាព នៃការអប់រំនេះត្រូវពឹងផ្អែកលើកត្ដាសំខាន់ ០៣គឺ៖
១. កត្ដាសាលា (មានអ្នកគ្រប់គ្រងល្អ មន្ដ្រីមានសមត្ថភាព គ្រូល្អ និង សម្ភារៈរូបវ័ន្ដគ្រប់គ្រាន់)
២. កត្ដាអ្នកសិក្សា (មានលក្ខណៈសម្បត្ដិល្អ ស្របតាមលក្ខខណ្ឌកំណត់របស់សាលា)
៣. អង្គភាពសាមី (គឺត្រូវតែមានកិច្ចសហការល្អជាមួយសាលា និងផ្ដល់ការគាំទ្រដល់សាលា និង អ្នកសិក្សាផងដែរ)៕