(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសំណេះសំណាល និងសុខទុក្ខសមាជិក សមាជិកាសមាគមអតីតយុទ្ធជន ៨០០នាក់ នៅក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងជំនួបសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះសុខទុក្ខរបស់អតីតយុទ្ធ និងតែងបានជំរុញឲ្យអាជ្ញាធរពាក់យកចិត្តទុកដាក់ ឲ្យបានខ្ពស់លើអតីតយុទ្ធជន នៅទូទាំងប្រទេស។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានស្នើសុំការយោគយល់ និងអធ្យាស្រ័យពីអតីតយុទ្ធជន ចំពោះភាពចន្លោះប្រហោងក្នុងការផ្តល់សេវា និងការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន នាពេលកន្លងមក ព្រោះតែការជាប់ធុរៈមួយចំនួន។
បើទោះបីជាយ៉ាងណា នាយឧត្តមសេនីយ៍ គន់ គីម ថា បច្ចុប្បន្នសមាគមអតីតយុទ្ធជន ដែលមានលោកជាអគ្គលេខាធិការបាន និងកំពុងយកចិត្តទុកដាក់ និងដោះស្រាយ បញ្ហារបស់អតីតយុទ្ធជនឲ្យមានប្រសិទ្ធភាពខ្ពស់ និងបានទាន់ពេលវេលា។ ជាក់ស្តែងសេវាបើកប្រាក់ បៀវត្សរ៍ជូនអតីតយុទ្ធជនត្រូវបានរៀបចំធ្វើឡើងតាមរយៈធនាគារ ហើយនៅមានផ្តល់ប្រាក់ឧបត្ថម្ភផ្សេងៗទៀត នៅពេលអតីតយុទ្ធជន ក៏ដូចជាក្រុមគ្រួសារជួបទុក្ខធុរៈផ្សេងៗជាដើម៕