(ភ្នំពេញ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងត្រៀមបង្គន់អនាម័យ ៤២២បង្គន់ និងកម្លាំង២៩០នាក់សម្រាប់បោសសំរាម នៅថ្ងៃបុណ្យអុំទូក រយៈពេល៣ថ្ងៃ នាពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រ Facebook របស់ក្រសួងសាធារណការ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានកំពុងអនុវត្តការងារជាច្រើន ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ រយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ។ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការងារដែលត្រៀមរៀបចំធ្វើរួមមាន៖ រៀបចំបង្គន់ចំនួន ៤២២បង្គន់ លើ២៥ទីតាំង,ថែទាំបង្គន់ថ្មីចំនួន ៤កន្លែង គឺសួនបទុមវតី សួនក្រម ង៉ុយ សួនដអរិយក្សត្រ និង ត្រៀមកម្លាំង២៩០នាក់ សម្រាប់បោសសំរាម។

ក្រៅពីនោះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានត្រៀមការងារមួយចំនួនទៀតដូចជា ត្រៀមរថយន្តបូមលូ និងលាងសំអាត ចំនួន ៨គ្រឿង, រៀបចំស្លាកបង្ហាញទិសចំនួន ៩៧ស្លាក, លាបថ្នាំស្តូបបរមរូប ព្រះបរមរតនកោដ្ឋ និងអាងទឹក,​ តុបតែងលំអរភ្លើងតាមដើមឈើនៅសួនវិមានឯករាជ្យ សួនមាត់ទន្លេជ្រោយចង្វា, តុបតែងភ្លើងព្រះអង្គដង្កើ, ដំឡើងបង្គោលភ្លើងហ្វាចំនួន៥បង្គោលនៅសួនបទុមវតី និងដអរិយក្សត្រ, តុបតែងរបារកាត់ទទឹងផ្លូវ (overhead) ចំនួន៤កន្លែង នៅខាងជើងវិមានឯករាជ្យ វត្តភ្នំ ព្រះគន្លង់ និងខាងលិចរង្វង់មូលលសម្តេចសង្ឃ ជួន ណាត លាបកំបោរ និងស្ពិចត្រូនៅគល់ឈើនិងខឿន នៅផ្លូវនរោត្តម សុធារស ស៊ីសុវត្ថិ សហព័ន្ឋរុស្ស៊ី សុរាម្រិត សួនបទុមវតី សួនច័ន្ទឆាយ៉ា,លាបគំនូសផ្លូវចំនួន ៧ខ្សែ មានផ្លូវស៊ីសុវត្ថិ សុធារស វិថីរដ្ឋសភា ផ្លូវលេខ២៤០ ១៥៤។

គួរកត់សំគាល់ថា កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយត្រៀមកងកម្លាំងចំនួន១០០៣២នាក់ ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមទស្សនាកំសាន្ដ ក្នុងពិធីបុណ្យរយៈពេលបីថ្ងៃនេះ នៅរាជធានីភ្នំពេញផងដែរ។

តាមការវាយតម្លៃរបស់គណៈកម្មាធិការជំនាញ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ នឹងមានប្រជាពលរដ្ឋចូលរួមទស្សនា និងដើរកម្សាន្ដ ក្នុងរាជធានីភ្នំពេញ ប្រមាណជាង២លាននាក់៕