(កំពង់ឆ្នាំង)៖ ​លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលបានស្ថាបនាផ្លូវក្រាលបេតុងចំនួន៣ ខ្សែ នៅក្នុងស្រុករលាប្អៀរ ប្រកបដោយគុណភាព និងបានថែទាំរហូតបញ្ចប់សុពលភាព សម្រាប់បម្រើជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែងដល់សាធារណជនទូទៅ ជាពិសេសប្រជាជននៅមូលដ្ឋាន​ ក្នុងការធ្វើដំណើរទៅមក និងដឹកកសិផលផ្សេងៗ។

ក្នុងឱកាសចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព​លើការងារស្ថាបនា​ផ្លូវក្រាលបេតុងចំនួន៣ខ្សែ មាន៥ កំណាត់ ប្រវែងសរុប ១ ៧៥០ ម៉ែត្រ, ទទឹង ៥ ម៉ែត្រ, និងសំណង់ សិល្បការ្យផ្សេងៗ នៅឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នា​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ​ លោក ឈឹម សៅគី ​មានប្រសាសន៍ថា ​ក្រោមការដឹកនាំរបស់ លោក្ ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លំាងទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ និងបានចុះពិនិត្យដោយផ្ទាល់ នៅតាមបណ្តាខេត្តនានា នៅលើការងារស្ថាបនាផ្លូវជនបទ ព្រោះផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡាគ្នា ជាពិសេសទៅកាន់តំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម។

ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការប្រចាំការ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ ចាប់តាំងពីការស្ថាបនា និងថែទាំរហូតដល់បញ្ចប់សុពលភាព ដោយបានរក្សានូវគុណភាព និងសោភ័ណភាពផ្លូវបានល្អប្រសើរ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ ដែលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍នៅតាមទីក្រុង ទីប្រជុំជន និងតាមជនបទ ឱ្យមានផ្លូវ ទឹក ភ្លើង សាលារៀន និងមណ្ឌលសុខភាពជាដើម ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាផ្សេងៗ ដែលនេះជាការជំរុញបង្កើតសុខដុមរមនានៅក្នុងសង្គមដ៏រុងរឿង។

ជាមួយគ្នានេះ លោកឈឹម សៅគី ក៏បានស្នើដល់អាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយផ្លូវទាំងនោះ សូមចូលរួមថែទាំផ្លូវ និងសំណង់សិល្បការ្យផ្សេងៗ តាមបណ្តោយផ្លូវទាំងនោះ​បាន​គង់វង្ស​សម្រាប់​ការប្រើប្រាស់យូរអង្វែង, ព្រោះថាការចូលរួមចំណែករបស់អាជ្ញាធរ និងប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកដ៏ធំធេងជាមួយជាមួយរាជរដ្ឋាភិបាល ក្នុងការថែទាំសម្បត្តិសាធារណៈ សម្រាប់ជាប្រយោជន៍ជាតិយើងទាំងមូល។

​ទន្ទឹមគ្នានេះដែរ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សមិទ្ធផលជាប្រវត្តិសាស្រ្ត ផ្លូវបេតុងប្រកបដោយគុណភាព នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដែលនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ លើកកម្ពស់ប្រជាពលរដ្ឋមូលដ្ឋាន មានជីវភាពកាន់តែប្រសើរ ព្រោះថានៅពេលដែលមិនទាន់មាន​ការ​ស្ថាបនា​ផ្លូវនេះ ពួកគាត់តែងតែជួបការលំបាកជាច្រើន នៅក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការរកស៊ីទទួលទានផ្សេងៗ ជាពិសេសនៅពេលដែលមានបញ្ហាជំងឺដង្កាត់ ដែលត្រូវការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យជាដើម​៕