(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រគល់ប័ណ្ណសរសើរជូននិស្សិតពូកែលេខ១ លេខ២ និងលេខ៣ ប្រចាំឆ្នាំ នៃសាកលវិទ្យាល័យជាតិមានជ័យ សរុបចំនួន២២៩រូប។
បន្ទាប់ពីបានស្តាប់របាយការណ៍ សង្ខេបរបស់សាកលវិទ្យាល័យជាតិមានជ័យពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យរួចមក, លោក អ៊ុំ រាត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំរបស់សាកលវិទ្យាល័យជាតិមានជ័យ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលមានស្មារតីប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សរហូតទទួលបានទាំង កំណើននិស្សិត ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាព នៃការបណ្តុះបណ្តាល ដែលធ្វើឱ្យមានការទុកចិត្តខ្ពស់ពីសំណាក់សាធារណជន និងនិស្សិត។
លោកបន្តថា វិស័យអប់រំ គឺជាវិស័យស្នូល និងមានអាទិភាពខ្ពស់មួយក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ បំផុតចំពោះការអភិវឌ្ឍធនធានមនុស្ស។
លោកក៏បានបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្រនេះផ្តោតលើវិធានការគន្លឹះ៥ចំណុចគឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះ «មនុស្ស» ត្រូវបានដាក់នៅមុនគេ លេខរៀងទី១ ដែលបង្ហាញថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពខ្ពស់បំផុត នៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិយើង។
សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិមានជ័យ ជាគ្រឹះស្ថានអប់រំឧត្តមសិក្សាសាធារណៈមួយគត់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលបានអនុញ្ញាតឱ្យដំណើរការដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៧ និងបានប្តូរឈ្មោះពីសាកលវិទ្យាល័យមានជ័យ មកជាសាកលវិទ្យល័យជាតិមានជ័យ ដោយអនុក្រឹត្យលេខ ២០៧អនក្រ.បក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនូវជំនាញ ការស្រាវជ្រាវ និងនវានុវត្តន៍ប្រកបដោយឧត្តមភាព ឆ្លើយតបតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ។
រហូតដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យជាតិមានជ័យ បាននិងកំពុងបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដោយបានផលិតធនធានមនុស្សប្រមាណជាង៣ពាន់នាក់ ចូលបម្រើការក្នុងស្ថាប័ន សាធារណៈ និងឯកជននានាក្នុងប្រទេស និងមួយចំនួនទៀតកំពុងបម្រើការងារនៅក្រៅប្រទេស ពេលបច្ចុប្បន្ន៕