(ភ្នំពេញ)៖ មន្រ្តីភ្នាក់ងារត្រួតពិនិត្យឱសថ នៃក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានសហការជាមួយភ្នាក់ងារត្រួតពិនិត្យឱសថ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងដកហូតឱសថដែលមានការហាមឃាត់ពីក្រសួង នៅតាមទីតាំងហាងលក់ឱសថនានា នៅរាជធានីភ្នំពេញ។
ក្រោយពីមានការណែនាំផ្ទាល់ពី រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង, នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានដឹកនាំកម្លាំងមន្រ្តីពាក់ព័ន្ធ ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ និងប្រមូលយកឱសថក្លែងក្លាយ, ឱសថគ្មានលេខទិដ្ឋាការ-បញ្ជិការ, ឱសថខុសច្បាប់ ឱសថដែលមានការហាមឃាត់ គុណភាពអន់ និងផុតកំណត់ប្រើប្រាស់ ដើម្បីយកទៅបំផ្លាញចោល។
ប្រតិបត្តិការនេះត្រូវបាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បញ្ជាក់ថា នឹងបន្តចុះបោសសម្អាតឲ្យដូចភ្លៀងរលឹមជារៀងរាល់ថ្ងៃ ទូទាំងរាជធានីភ្នំពេញ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕