(ភ្នំពេញ)៖ បុរសម្នាក់ដែលជាអ្នកមានមុខមាត់គួរសមមួយរូប ត្រូវបានគេដាក់ពាក្យបណ្ដឹងទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្ដឹងពីបទឆបោក យកប្រាក់អស់ចំនួន៦ម៉ឺនដុល្លារ តែក្រោយមកក៏ធ្លាយព័ត៌មានថា បុរសខាងលើបានយកឈ្មោះ សម្ដេចក្រឡាហោម ស ខេង ទៅគំរាមកំហែងជនរងគ្រោះ មិនតែប៉ុណ្ណោះក៏ធ្លាប់យកឈ្មោះ ឧបនាយករដ្ឋមន្ត្រីមួយរូបទៀត ទៅប្រើដើម្បីរកផលប្រយោជន៍ផងដែរ។
តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឡុង ដារ៉ា ភេទប្រុស មានទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលបានប្ដឹងចូលទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ បានសំរេចប្ដឹងឈ្មោះ ច័ន្ទ សុបិន្ត ភេទប្រុស អាយុប្រហែល៥៥ឆ្នាំ ស្នាក់នៅសណ្ឋាគារប៉ារីស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ពីបទឆបោកប្រាក់របស់ខ្លួនចំនួន៦ម៉ឺនដុល្លារ។ តាមពាក្យបណ្ដឹងបានរៀបរាប់ថាកាលពីឆ្នាំ២០១៥ មានគេឲ្យលុយមកខ្លួនទិញដីអោយ។
លុះនៅឆ្នាំ២០១៦ ម្ចាស់ដីក៏អោយលក់ដីខាងលើវិញដោយ មានឈ្មោះ ច័ន្ទ សុបិន្ត ដែលត្រូវជាមិត្តភក្ដិម្ចាស់ដីជាអ្នកនាំម៉ូយមកទិញ។ លុះពេលបានលុយ ស្រាប់តែឈ្មោះច័ន្ទ សុបិន្ត មកទារយកចំនួន៦ម៉ឺនដុល្លារដោយអះអាងថា ម្ចាស់ដីជាអ្នកឲ្យមកយកទៅឲ្យ។ ពេលនោះខ្លួនក៏អោយលុយទៅ តែឈ្មោះខាងលើមិនបានយកលុយនេះទៅអោយម្ចាស់ដីដែលជាមិត្តភក្ដិឡើយ គឺស៊ីដាច់ ពេលម្ចាស់ដីសួររកលុយ ទើបបែករឿងឆបោកនេះឡើងតែម្ដង។ ក្នុងនោះក្រៅពីដាក់ពាក្យបណ្ដឹងក្នុងរឿងឆបោកប្រាក់លុយ៦ម៉ឺនដុល្លារនេះ ជនរងគ្រោះក៏បានសរសេរពាក្យបណ្ដឹងមួយទៀតនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដើម្បីដាក់ទៅសាលាដំបូងរាជធានីដោយប្ដឹងសុំដីការក្សាការពារមិនអោយឈ្មោះ ណេប សុវណ្ណរិទ្ធិ ម្ចាស់បុរីមហាសេដ្ឋីផ្ទេរ និងកាត់ឈ្មោះផ្ទះល្វែងលេខi៩០៩ ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ទៅអោយឈ្មោះ ប៊ុត បុរី ជាកូនរបស់ឈ្មោះច័ន្ទ សុបិន្ត នោះឡើយ ព្រោះតែលិខិតទិញលក់ដែលខ្លួនរួមជាមួយឈ្មោះភួង សុផល ផ្ដិតមេដៃកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នោះ គឺធ្វើឡើងទាំងបង្ខំក្រោមការគំរាមកំហែងពី ឈ្មោះច័ន្ទ សុបិន្ត តែប៉ុណ្ណោះដោយយកឈ្មោះសម្ដេចក្រឡាហោមមកគំរាមឲ្យពួកខ្លួនផ្ដិតមេដៃប្រគល់ផ្ទះខាងលើនេះទៅអោយឈ្មោះ ប៊ុត បុរី ជាកូនរបស់គាត់។ ដោយសារមានការភិតភ័យ និងខ្លាចអំណាចពួកខ្លួនក៏យល់ព្រមផ្ដិតមេដៃអោយតែម្ដងទៅ។
លោកឧត្តមសេនីយ៏នៅក្រសួងមហាផ្ទៃមួយរូប ដែលត្រូវជាសាច់ញាតិរបស់ឧបនាយករដ្ឋមន្ត្រីមួយរូប និងជាម្ចាស់ដីដែលខ្លួនជាអ្នកអោយលុយទៅឈ្មោះ ឡុង ដារ៉ា ទិញ បានបង្ហើបប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ខ្លួនពិតជាមិនបានទទួលលុយ៦ម៉ឺនដុល្លារពីឈ្មោះ ច័ន្ទ សុបិន្ត ដែលឈ្មោះឡុង ដារ៉ា អះអាងថា បានប្រគល់ឲ្យតាមរយៈឈ្មោះ ច័ន្ទ សុបិន្ត នេះឡើយ។ ក្នុងនោះលោកឧត្តមសេនីយ៏ក៏បានបន្ថែមថាឈ្មោះ ច័ន្ទ សុបិន្ត នេះដែលស្គាល់ឧបនាយករដ្ឋមន្ត្រីតាមរយៈខ្លួននោះ កន្លងមកក៏ឧស្សាហ៍យកឈ្មោះឧបនាយករដ្ឋមន្ត្រី ទៅប្រើដើម្បីផលប្រយោជន៍ និងឧស្សាហ៍ទារលុយពីឧបនាយករដ្ឋមន្ត្រី និងលោកជំទាវមួយចំនួនទៀតថាយកទៅធ្វើនេះ ធ្វើនោះជាដើមផងដែរ។
ពាក់ព័ន្ធបណ្ដឹងចោទប្រកាន់ និងការអះអាងខាងលើ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ភ្នាក់ងារ Fresh News មិនអាចធ្វើការទាក់ទងទៅលោក ច័ន្ទ សុបិន្ត ដើម្បីសុំការបំភ្លឺបានឡើយ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទាក់ទង តែរឿងរ៉ាវពិតប្រាកដយ៉ាងណានោះ Fresh News នឹងរងចាំធ្វើការបំភ្លឺជូនវិញផងដែរ៕