(ភ្នំពេញ)៖ លោក កឹម សុខា ក្នុងនាមជាសមាជិករដ្ឋសភា និងជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បន្ថែមពីលើសារអបអរសាទរតាមបណ្តាញសង្គម Facebook បានផ្ញើលិខិតផ្លូវការមួយច្បាប់ទៀត ទៅចូលរួមអបអរសាទរលោក ដូណាល់ ត្រាំ ដែលទើបឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក។ មិនត្រឹមតែសម្តែងការអបអរសាទរនោះទេ លោក កឹម សុខា ថែមទាំងបានបង្ហាញការទន្ទឹងរង់ចាំឲ្យលោក ត្រាំ ជួយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ បើទោះបីប្រធានាធិបតីថ្មីរូបនេះ ត្រូវបាន លោក សម រង្ស៊ី ប្រធានបក្សចាត់ទុកជា «ជនផ្តាច់ការ» ក៏ដោយនោះ។
ក្នុងលិខិតផ្ញើជូនប្រធានាធិបតីអាមេរិក នាថ្ងៃទី០៩ ខែវិច្ឆិកា ម្សិលមិញនេះ លោក កឹម សុខា បានថ្លែងថា «តាងនាមគណបក្សសង្រ្គោះជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអរសាទរយ៉ាងកក់ក្តៅ ចំពោះជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦នេះ»។
ក្នុងលិខិតដដែលនោះ លោក កឹម សុខា បានហៅព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថា ជាសុបិន ដែលមនុស្សភាគច្រើននៅជុំវិញពិភពលោក រួមទាំងប្រជាពលរដ្ឋខ្មែរផងដែរ តែងតែប្រាថ្នាចង់បាន។ បន្ថែមពីលើការអបអរសាទរ លោក កឹម សុខា ក៏បានបង្ហាញការទន្ទឹងរង់ចាំនូវភាពជាអ្នកដឹកនាំរបស់លោក ត្រាំ ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរីភាព ជាពិសេសសិទ្ធិទទួលបាននូវការបោះឆ្នោតមួយដោយសេរី និងត្រឹមត្រូវ។
ប្រធានស្តីទីបក្សប្រឆាំងដែលកំពុងបង្ខាំងខ្លួនក្នុងទីស្នាក់ការបក្សរូបនេះ បានបញ្ជាក់ថា «ជាមួយនឹងការយល់ដឹងរបស់លោកអំពីសារសំខាន់ នៃការបោះឆ្នោត គឺជាការផ្តល់សំឡេងដល់ប្រជាពលរដ្ឋនោះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និងខ្លួនខ្ញុំផ្ទាល់ទន្ទឹងរង់ចាំនូវភាពជាអ្នកដឹកនាំរបស់លោក ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរីភាព»។
ជាការកត់សម្គាល់របស់អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា គេបានមើលឃើញថា លោក សម រង្ស៊ី និង លោក កឹម សុខា ហាក់មានទស្សនៈផ្ទុយគ្នាលើ បន្ទាត់នយោបាយការទូតរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ជាពិសេសក្នុងរឿងបេក្ខភាពប្រធានាធិបតីថ្មីរបស់អាមេរិកតែម្តង។
កាលពីថ្ងៃទី០៤ ខែវិច្ឆិកា កន្លងទៅនេះ ពោល៤ថ្ងៃមុនការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីរបស់អាមេរិក លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចសំណាញ់ច្បាប់នៅក្រៅប្រទេស និងមានសមានចិត្តច្រើនជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យនោះ បានសម្តែងការមិនពេញចិត្តចំពោះលោក ដូណាល់ ត្រាំ ហើយហ៊ានរិះគន់ និងចាត់ទុកលោក ដូណាល់ ត្រាំ ជា «ជនផ្តាច់ការ» តាមសារព័ត៌មាន «ឌឹខេមបូឌា ដេលី» ជាស្ថាប័នព័ត៌មានស្និទ្ធដ្ឋាភិបាលអាមេរិកាំងថែមទៀតផង។
ភ្លាមៗក្រោយការពោលពាក្យ ដែលហាក់នាំឲ្យប៉ះពាល់ និងមិនចំណេញសម្រាប់បក្សប្រឆាំងនៅកម្ពុជានេះ លោក កឹម សុខា ក៏បានបង្ហោះសារតបភ្លាមៗនៅលើទំព័រ Facebook របស់លោកវិញ ដោយមិនបានបង្ហាញនិន្នាការលំអៀងទៅលើបេក្ខភាពប្រធានាធិបតីអាមេរិកណាមួយនោះឡើយ។ លោក កឹម សុខា ថា ទោះបីបេក្ខភាពប្រធានាធិបតី អាមេរិករូបណាជាប់ឆ្នោត ក៏លោកនៅតែបន្តកិច្ចសហការឲ្យកាន់តែល្អប្រសើរ។
សាររបស់លោក កឹម សុខា ត្រូវបានគេមើលឃើញថា ជាចូលរួមចំណែកដ៏សំខាន់ក្នុងការស្រោចស្រង់ឡើងវិញនូវទំនាក់ទំនងរវាងបក្សប្រឆាំង និងរដ្ឋាភិបាលអាមេរិក។ ប្រសិនបើលោក កឹម សុខា មានបន្ទាត់នយោបាយដូចលោក សម រង្ស៊ី ដែលរើសអើងចំពោះលោក ត្រាំ ទំនាក់ទំនងបក្សប្រឆាំង និងរដ្ឋាភិបាលរបស់លោក ត្រាំ ប្រហែលជាមានភាពមិនល្អប្រសើរនោះឡើយ។
បើទោះបីជាយ៉ាងណា រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា លោកនឹងមិនផ្តោតការយកចិត្តទុកដាក់ខ្លាំង ទៅលើការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិសេរីភាព របស់បណ្តាប្រទេសដទៃនោះឡើយ។ ប្រធានាធិបតីមានកំណើតចេញពីអ្នកជំនួញរូបនេះ នឹងមានបន្ទាត់នយោបាយផ្តោតជាសំខាន់ទៅលើការរុញច្រានសេដ្ឋកិច្ចឲ្យល្អប្រសើរច្រើនជាង។
ការឈ្នះឆ្នោតរបស់លោក ត្រាំ អាចធ្វើឲ្យបក្សប្រឆាំងនៅកម្ពុជា ដែលតែងតែយកបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព នៃការបញ្ចេញមតិ ដើម្បីធ្វើជាទុនវាយ ប្រហារលើរាជរដ្ឋាភិបាលនោះ ជួបការខកបំណងច្រើន។ ត្បិតថា ពួកគេ នឹងមិនអាចឲ្យអាមេរិក ជួយជ្រោមជ្រែងពួកគេក្នុងការដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបញ្ហាលទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិសេរីភាព នៃការបញ្ចេញមតិបានទៀតនោះឡើយ៕