(កណ្ដាល)៖ អ្នកស្រុកស្អាង ស្រុកកោះធំ បាននាំគ្នាធ្វើការត្អូញត្អែរថា បច្ចុប្បន្ន ខណៈផ្លូវជាតិលេខ២១ពីតាខ្មៅទៅស្រុកកោះធំ និងព្រំដែន ជ្រៃធំ កំពុងធ្វើការកសាងឡើងវិញ ស្ពានខ្លះនៅចាស់ទ្រុឌទ្រោមនៅឡើយ តែគេនៅតែឃើញរថយន្តដឹកទំនិញធំៗបើកពីមាត់ច្រកព្រំដែន ជ្រៃធំចូលមកបំផ្លាញផ្លូវជារៀងរាល់យប់ថ្ងៃដោយគេគ្មានឃើញមន្ត្រីអាជ្ញាធរ សមត្ថកិច្ចណាចេញមុខបង្ក្រាបឡើយ។
តាមប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ២១បានរាយការណ៏ប្រាប់ភ្នាក់ងារ Fresh News សុំអោយជួយចុះផ្សាយជំរាបជូនទៅ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ សូមអោយមានវិធានការទប់ស្កាត់សកម្មភាពរថយន្តដឹកគ្រឿងសំណង់ដឹកដែកនាំចូល ពីប្រទេសវៀតណាម តាមច្រកជ្រៃធំ ផ្ទុកលើសទម្ងន់នេះអោយមានប្រសិទ្ធិភាពផង។ ប្រជាពលរដ្ឋបានសំដែងការព្រួយបារម្ភថាបើរថយន្តដឹកធ្ងន់ៗទាំងយប់ទាំងថ្ងៃបែបនេះ ទោះផ្លូវនេះកសាងហើយមានគុណភាពបែបណាក៏មិនអាចទ្រាំទ្រ និងទម្ងន់រាប់សិបតោនពីរថយន្តដឹក គ្រឿងសំណង់ខាងលើនេះបានដែរ។
ប្រជាពលរដ្ឋបានបន្ថែមថា រថយន្តដឹកគ្រឿងសំណង់ដែលរួមមានដែក សុីម៉ង់ត៌ និងសម្ភារៈសំណង់ ផ្សេងៗទៀតខាងលើ គឺគេប្រើរថយន្តធំៗដឹកបំផ្លាញផ្លូវនេះជាយូរឆ្នាំមកហើយ តាំងពីផ្លូវមិនទាន់ធ្វើមកម៉្លេះ។ ក្នុងនោះស្ពាន និងផ្លូវខាងលើ គឺបាក់និងខូចដោយសាររថយន្តដឹកគ្រឿងសំណង់ខាងលើអស់មិនតិចនោះទេ។ ដោយឡែកតាមព័ត៌មានបានអោយដឹងថា ក្រុមហ៊ុនដែល រកសុីនាំគ្រឿងសំណង់ខាងលើ ចូលមកដឹកបំផ្លាញផ្លូវនេះភាគច្រើនជារបស់ក្រុមហ៊ុននាគខៀវ ដែលមានលោកឧត្តមសេនីយ៌ឧកញ៉ា សុី ហួហ៊ុយ ជាម្ចាស់ ដែលឧកញ៉ារូបនេះ ក្រៅពីរកសុីដឹកធ្ងន់បំផ្លាញផ្លូវជាតិនោះ ទំនិញខាងលើត្រូវបានគេខ្សឹបថាភាគច្រើននាំចូលបង់ពន្ធ មិនគ្រប់ផងដែរ។ មិនតែប៉ុណ្ណោះ ដោយអាងថៅកែជាឧកញ៉ា និងពាក់ផ្កាយ៣ អ្នកបើកបររថយន្តដឹកទំនិញអោយភាគច្រើនគឺបើកព្រហើន ពេលខ្លះសមត្ថកិច្ចនៅតាមដងផ្លូវហៅឃាត់ត្រួតពិនិត្យពេលបើកលឿន ឬបើកជែងជាដើម គឺពួកគេមិនឈប់នោះទេ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ភ្នាក់ងារ Fresh News មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីលោក ឧកញ៉ាបានឡើយ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទាក់ទង។ ប៉ុន្តែជាទូទៅ នៅខេត្តកណ្ដាល និងនៅក្រុងភ្នំពេញ នៅក្នុងចំណោម ឈ្មួញ និងមន្ត្រីធំៗ ភាគច្រើនអ្នកណាក៏គេដឹងថាឧកញ៉ា សុី ហួហ៊ុយ ជាឈ្មួញរកសុីនាំឥដ្ឋការ៉ូ និងគ្រឿងសំណង់ផ្សេងៗទៀតចូលតាម ច្រកជ្រៃធំបង់ពន្ធមិនគ្រប់ដែរ ដោយគាត់មានផែឯកជនសំរាប់ទូកចូលចតដាក់ទំនិញគ្មានអោយអ្នកណាចូលផ្ដេសផ្ដាស់នោះទេ ៕