Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ផ្ដល់ថវិកា និងស្បៀងអាហារជូនកងទ័ពឈរជើងនៅព្រំដែនកម្ពុជា-ថៃ

09-06-2025 14:02

(ពោធិ៍សាត់)៖ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និង អ្នកឧកញ៉ា គៀន ស្រីនាង បានផ្តល់អំណោយជាថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់កងទ័ពឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អំណោយទាំងនេះ ត្រូវបានលោក ឃៀង សុជីវ័ន្ត អគ្គនាយករង នាយកគ្រប់គ្រងទីស្នាក់ការកណ្ដាល នាំយកទៅជូនកងទ័ពនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ។

អំណោយទាំងនោះរួមមាន អង្ករ មី ត្រីខ ត្រីងៀត ឆៃប៉ូវផ្អែម សាប៊ូដុសខ្លួន តង់ការពារភ្លៀង ថ្នាំពេទ្យ ថ្នាំមូស ក្រមា និងចង្រ្កានហ្គាស ព្រមទាំងថវិកាមួយចំនួនផ្សេងទៀត ដែលសរុបជាទឹកប្រាក់អស់ប្រមាណ ១៨៤ លានរៀល។

សូមបញ្ជាក់ជូនបន្ថែមថា កាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅនេះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលនូវថវិកាចំនួន ២០០.០០០ដុល្លារអាមេរិក ដេីម្បីឧបត្ថម្ភជូនកងទ័ពជួរមុខដែលឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃផងដែរ៕