(ភ្នំពេញ)៖ ជនជាប់ចោទឈ្មោះ ភី ណុប គឺជាអ្នកផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកមុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាឧទ្ធរណ៍ នឹងបើកសវនាការ កាត់សេចក្តីចំពោះជនជាប់ចោទឈ្មោះ ភី ណុប ដែលជាមេក្លោងបញ្ជាឲ្យឈ្មោះ ពៅ ប៊ុនធឿន ទៅជួលជនដៃដល់ឈ្មោះ នួន សំរិទ្ធ និងឈ្មោះ អេង បូលីន ទៅបោកគ្រាប់បែកលើឈ្មោះ សន ស៊ិន និងក្រុមគ្រួសារ បណ្តាលឲ្យស្លាប់កូនម្នាក់ និងរងរបួសជាច្រើនពេលកំពុង អង្គុយហូបបាយជាមួយគ្នា។
សូមជំរាបថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ តុលាការក្រុងភ្នំពេញ បានសម្រេចកាត់ទោសអតីតចៅសង្កាត់គោករកា ឈ្មោះ ភី ណុប និងបក្ខពួកម្នាក់ទៀត ជាប់គុកអស់មួយជីវិត និងបក្ខពួក ២នាក់ផ្សេងទៀត ជាប់គុកម្នាក់ៗ ៣០ឆ្នាំ ពីបទបោកគ្រាប់បែក ចូលទៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ព្រមទាំងតម្រូវឲ្យសងប្រាក់ទៅដើមបណ្ដឹងជាង ៦០០លានរៀល៕