(រតនគិរី)៖ កងរាជអាវុធហត្ថខេត្តរតនគិរី បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃ ដែលកើតមានឡើងតាមមូលដ្ឋានកាន់តែខ្លាំងឡើង។ កិច្ចប្រជុំនេះ បានធ្វើឡើង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរងកងរាជអាវុធហត្ថ ទទួលបន្ទុកយុត្តិធម៌តំណាងលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកប្រធានមន្ទីរ អនុប្រធានមន្ទីយុត្តិធម៌ ការិយាល័យចំណុះមន្ទីយុត្តិធម៌ និងមេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុកទាំង៩ ព្រមទាំងលោកប្រធានស្នាក់ការសន្តិសុខប្រមានជាង៣០នាក់ផងដែរ។ លោកវរសេនីយ៍ឯក កង សារ៉េត បានណែនាំបន្ថែមដល់មន្ត្រី ដែលបានចូលរួមក្នុងពិធីប្រជុំផ្សព្វផ្សាយនេះ ត្រូវយកតួនាទីរបស់ខ្លួនទៅអនុវត្តតាមគោលការរបស់ក្រសួងដែលបានដាក់ឲ្យរួមមាន៖ ល្បែង Internet ២៤ម៉ោង ឆ្នោត កន្ទុយលេខខុសច្បាប់ ល្បែងជល់មាន់ ល្បែងភ្នាល់ទឹកភ្លៀង ហ្គេមបាញ់ត្រី និងល្បែងស៊ីសងជ្រកក្រោមល្បែង ព្រមទាំងអាជីវកម្មបញ្ចាំ ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម។
លោកថា «ល្បែងទាំអស់ខាងលើនេះ វាជាដើមហេតុធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌សង្គម និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ»។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការអនុវត្ត វិធានការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ បានបញ្ជាក់ថា នៅកម្ពុជាល្បែងស៊ីសងមាន២សណ្ឋាន រួមមាន ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសង មិនស្របច្បាប់។ មន្ត្រីកងកំលាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាលដល់សណ្តាប់ធ្នាប់ សាធារណៈ សីលធម៌សង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
សម្តេចក្រឡាហោម បានថ្លែងទៀតថា ល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួចបើក និងបានបើកជាចំហរ នៅតាមមូលដ្ឋានកន្លង មកមានដូចជា ល្បែងជ្រកក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ ល្បែងអ៊ិនធ័រណែត២៤ម៉ោង ឆ្នោតកន្ទុយលេខ ខុសច្បាប់ ល្បែងជល់មាន់ ល្បែងភា្នលទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានាទៀត ដែលជ្រកក្រោមល្បែងក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។
សម្តេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃនឹងបង្កើតនាយកដ្ឋានបង្ក្រាបល្បែងស៊ីសងមួយទៀត ដើម្បីជំរុញការបង្ក្រាប ឲ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ កំពុងបានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងបណ្តាស្ថាប័នពាក់ព័ន្ធ នានាទៀត កំពុងបង្កើតសេចក្តីព្រាងច្បាប់ គ្រប់ល្បែងស៊ីសងដែលមានអាជ្ញាប័ណ្ណ និងត្រូវដាក់ជូនទៅរដ្ឋសភា នៅពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យជាប់ព្រំដែនកម្ពុជា- ថៃ កាស៊ីណូដែលបើកលេងល្បែងស្របច្បាប់ចំនួន១០កន្លែង ក្នុងក្រុង ប៉ោយប៉ែត ប៉ុន្តែល្បែងស៊ីសងខ្លះ នៅក្រុងប៉ោយប៉ែតនោះដែរ ត្រូវគេមើលឃើញថាមានជាលក្ខណៈទ្រង់ទ្រាយធំ ដែលមានខ្មែរចូលលេង ភ្នាល់ដាក់ប្រាក់យ៉ាងសន្ធឹកសន្ធាប់ ច្រកក្រោមស្លាកកាស៊ីណូ ដូចជាល្បែងជល់មាន់ ល្បែងអនឡាញ និងល្បែងភ្នាល់បាល់ជាដើម ត្រូវគេមើលឃើញថា បានធ្វើសកម្មភាពយ៉ាងគគ្រឹកគ្រេងផងដែរ៕