(ត្បូងឃ្មុំ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ ឲ្យប្រឹងប្រែងអប់រំ និងផ្តល់ចំណេះដឹងល្អៗដល់កូនចៅរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវអប់រំឲ្យពួកគេចេះប្រើប្រាស់សិទ្ធិសេរីភាពឲ្យត្រឹមត្រូវទៅច្បាប់ និងប្រកបដោយក្រមសីលធម៌ ធ្វើយ៉ាងណាកុំឲ្យការប្រើប្រាស់សិទ្ធិសេរីភាពផ្ទាល់ខ្លួនឲ្យក្លាយទៅជាភាពអនាធិបតេយ្យនៅក្នុងសង្គមជាតិ។
ការក្រើនរំលឹករបស់លោក វេង សាខុន បានធ្វើឡើងក្នុងពេលអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី និងជួបសំណេះសំណាលសួរសុខទុក្ខយុវតី និងកុមារីឥស្លាមប្រមាណ ៧០០នាក់ នៅមជ្ឈមណ្ឌលព្រែកជរ ស្ថិតនៅភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងថា «អ្នកគ្រូបង្រៀនត្រូវណែនាំសិស្សឲ្យយល់ច្បាស់ពីសច្ចភាព សភាពការណ៍ពិត សមិទ្ធិផលសន្ធឹកសន្ធាប់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោសែន ហើយចៀសវាងការញុះញង់ បោកបញ្ឆោតពីសំណាក់ជនអគតិត្រូវបង្រៀនមិនត្រឹមតែចំណេះដឹង និងក្រមសីលធ៌ម តែត្រូវសិក្សាស្រាវជ្រាវ ជាពិសេសតាមរយៈការប្រើប្រាស់អ៉ីនធើណែត នូវចំណេះដឹងទូលំទូលាយ ព័ត៌មាន និងទិន្នន័យ ដើម្បីបង្រៀន និងចែករំលែកដល់សិស្ស។ ម្យ៉ាងទៀត ត្រូវចេះប្រើប្រាស់សិទ្ធិសេរីភាព ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌ ដោយមិនឈ្លក់វង្វេងឈានដល់ភាពអនាធិបតេយ្យ»។
លោករដ្ឋមន្ត្រី ក៏បានសំណូមពរដល់អ្នកគ្រូ និងយុវតី ជាសិស្សខិតខំស្រវាស្រទេញរៀនសូត្របន្ថែម ដើម្បីបង្កើនសមត្ថភាព ព្រោះស្ត្រីនឹងមានឱកាសធ្វើជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត ស្របតាមគោលនយោបាយលើកស្ទួយយិនឌ័ររបស់រាជរដ្ឋាភិបាល។ ម្យ៉ាងទត ត្រូវរៀនសង្កេតពីជីវភាពសង្គម និងប្រមើលមើលពីបញ្ហាប្រឈមនាអនាគត ដើម្បីត្រៀមខ្លួនរកដំណោះស្រាយ ឬ មធ្យោបាយ ជួយដល់ប្រទេសជាតិ។
លោករដ្ឋមន្រ្តីថ្លែងថា «កុំគិតថា ស្ត្រី មិនអាចធ្វើអ្វីបាន ត្រូវពុះពារធ្វើនូវការងារត្រឹមត្រូវដែលខ្លូនចង់ធ្វើ»។
ក្នុងកិច្ចសំណេះសំណាលម្សិលមិញនេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងបង្ហាញការភ្ញាក់ផ្អើលផងដែរ ដោយមិននឹកស្មានទីតាំងធ្វើមជ្ឈមណ្ឌល ព្រែកជ័រ ដែលពីមុនជាព្រៃស្រោង ឬអ្នកស្រុកហៅថា ជាព្រៃងងុយ ទទួលបានការអភិវឌ្ឍដ៏ល្អបែបនេះ ដោយមានមជ្ឈមណ្ឌល សាលារៀន និងបំពាក់ដោយសំភារៈ ឧបករណ៍សិក្សា ព្រមទាំងមានអ៉ីនធើណែត wifi ប្រើប្រាស់សម្រាប់ការសិក្សាស្រាវជ្រាវ។
លោករដ្ឋមន្រ្តីថា ការអភិវឌ្ឍទាំងអស់នេះ មិនអាចមានកាត់ផ្តាច់ពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោសែន ដែលនាំមកនូវសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។ «ក្មួយៗ ពិតជាមានភ័ព្វវាសនា ដែលបានកើតនៅសម័យតេជោសែន មានឱកាសរៀនសូត្រ មានសាលាស្អាត»។
លោករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសអំពាវនាវដល់អ្នកគ្រូ យុវតី ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត រួសរាន់ទៅចុះឈ្មោះបោះឆ្នោតឲ្យទាន់ពេលវេលា។
ក្រៅពីការសំណេះសំណាល លោក វេង សាខុន ក៏បានផ្តល់ថវិកាជូនអ្នកគ្រូ នៃមជ្ឈមណ្ឌល ចំនួន៤០នាក់ និងសិស្ស ៧០០នាក់ផងដែរ៕